ការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)៖ ឧស្សាហកម្មកសិកម្ម

ការបង្ការ និងការគ្រប់គ្រងនិយោជិតដែលបានដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅក្នុងឧស្សាហកម្មកសិកម្ម

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

 • បិទមិនឱ្យធ្វើការនៅលើទីតាំង
  • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
   • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

    ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

    រៀបចំផែនការ COVIDSafe

    វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

    ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

    អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

    តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

    មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

    ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

    អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្ពីរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ព្រមទាំងធានាអ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ផងដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

    វីរុសកូរ៉ូណា (ខូវីដ-១៩) និងអ្នកធ្វើការក្នុងឧស្សាហកម្មកសិកម្ម

    វីរុសកូរ៉ូណា (ខូវីដ-១៩) អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើមស្រាល ទៅធ្ងន់ធ្ងរ។ រោគសញ្ញាទូទៅបំផុត ដែលត្រូវបានគេរាយការណ៍មាន៖

    • គ្រុន
     • ញាក់ ឬបែកញើស
      • ក្អក
       • ឈឺបំពង់ក
        • ដង្ហើមខ្លី
         • ហៀរសំបោរ
          • បាត់បង់អារម្មណ៍ស្រង់ក្លិន ឬរសជាតិ

           ក្នុងកាលៈទេសៈជាក់លាក់ខ្លះឈឺក្បាល ឈឺសាច់ដុំ ការឈឺចាប់ តឹងច្រមុះ ដំណើរចង់ក្អួត ក្អួត និងចុះរាគក៏អាចត្រូវបានពិចារណាជារោគសញ្ញានៃវីរុសកូរ៉ូណា (ខូវីដ-១៩) ផងដែរ។

           វីរុសកូរ៉ូណា (ខូវីដ-១៩) ភាគច្រើន ទំនងជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ៖

           • ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលឆ្លងរោគ
            • ការប៉ះពាល់វត្ថុ ឬផ្ទៃផ្សេងៗ (ដូចជាដៃទ្វារ) ដែលចម្លងដោយមនុស្សមានមេរោគ

             សម្រាប់ព័ត៌មានបន្ថែមអំពីការចម្លងរោគ និងរោគសញ្ញានៃវីរុសកូរ៉ូណា (ខូវីដ-១៩) សូមចូលមើលវ៉ិបសៃថ៍របស់ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (DH) (តំណភ្ជាប់ខាងក្រោម)។

             អ្នកធ្វើការតាមរដូវកាល អ្នកធ្វើការក្រោមកិច្ចសន្យា និងអ្នកធ្វើការម្ដងម្កាល គឺជាផ្នែកសំខាន់មួយនៃកន្លែងធ្វើការជាច្រើននៅក្នុងឧស្សាហកម្មកសិកម្ម។ និយោជិតទាំងនេះអាចងាយនឹងទទួលរងដោយការដាក់ប៉ះនឹងជំងឺវីរុសកូរ៉ូណា (ខូវីដ-១៩) ដោយសារ៖

             • ការធ្វើការ ការរស់នៅ និងការធ្វើដំណើរនៅជិតមនុស្សដទៃទៀត
              • លំនាំការងារតាមរដូវកាលដែលអាចបណ្តាលឱ្យមានការធ្វើដំណើររវាងកន្លែងការងារ និងកន្លែងរស់នៅជាញឹកញាប់ ហើយបង្កើនហានិភ័យនៃការឆ្លងរាលដាលមេរោគ
               • លក្ខណៈការងារបណ្តោះអាសន្ន អាចបណ្តាលឱ្យនិយោជិតមិនធ្លាប់បានស្គាល់ជាមួយ៖
                • គោលនយោបាយ និងនីតិវិធីនៅកន្លែងធ្វើការ
                • នីតិវិធីបន្ទាន់
                • ការបណ្តុះបណ្តាលជាក់លាក់អំពីវីរុសកូរ៉ូណា (ខូវីដ-១៩)
                • គោលនយោបាយត្រួតពិនិត្យការឆ្លងមេរោគ
                • អនាម័យដៃ
                • អ្វីដែលត្រូវធ្វើ ពេលណាពួកគេមានអារម្មណ៍មិនស្រួលខ្លួន
                • របៀបលើកឡើងនូវកង្វល់

               ក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និយោជកមានកាតព្វកិច្ចដើម្បីផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព ហើយគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត រួមទាំងអ្នកម៉ៅការឯករាជ្យផងដែរ។ នេះរួមមានការបង្ការហានិភ័យដល់សុខភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុវត្ថិភាពទាក់ទងនឹងសក្តានុពលចំពោះការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

               និយោជិតមានកាតព្វកិច្ចថែទាំសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ និងសុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀតនៅកន្លែងធ្វើការ ហើយសហការជាមួយនិយោជករបស់ពួកគេអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុលោមតាមច្បាប់ OHS ឬបទប្បញ្ញត្តិទាំងឡាយទៀត។

               ការកំណត់អត្តសញ្ញាណហានិភ័យក្នុងឧស្សាហកម្មកសិកម្ម

               និយោជកត្រូវកំណត់កម្រិតគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិតពីការដាក់ប៉ះពាល់នឹងជំងឺខូវីដ-១៩ នៅកន្លែងធ្វើការរបស់ពួកគេ។

               នេះត្រូវធ្វើឡើយដោយមានការពិគ្រោះយោបល់ជាមួយអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) ប្រសិនបើមាន និងនិយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

               ហានិភ័យសម្រាប់និយោជិតក្នុងឧស្សាហកម្មកសិកម្ម រួមមាន៖

               • ការចែករំលែកបន្ទប់នៅកន្លែងធ្វើការ និងកន្លែងស្នាក់នៅជាក្រុមដូចជាបន្ទប់ទឹក ផ្ទះបាយ និងកន្លែងសម្រាករួមគ្នា
                • ការដឹកជញ្ជូនរួមគ្នា ឬជាក្រុម ឧទាហរណ៍ធ្វើដំណើររវាងកន្លែងស្នាក់នៅ និងកន្លែងធ្វើការ
                 • ការងារដែលតម្រូវឱ្យនិយោជិតមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ
                  • ការចែករំលែកឧបករណ៍ រុក្ខជាតិ ឬគ្រឿងបរិក្ខារ

                   ការកើនឡើងហានិភ័យនៃការឆ្លងរាលដាលវីរុសកូរ៉ូណា (ខូវីដ-១៩) អាចកើតឡើងនៅពេលដែល៖

                   • និយោជិតមិនមានសិទ្ធិទទួលបានការឈប់សម្រាកនៅពេលឈឺ (ដូចជាអ្នកធ្វើការម្ដងម្កាល) ហើយអាចបន្តធ្វើការ ប្រសិនបើពួកគេមិនស្រួលខ្លួន
                    • និយោជិតមិនស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ប្រសិនបើពួកគេធ្លាក់ខ្លួនឈឺ ឧទាហរណ៍ នៅពេលអ្នកធ្វើការតាមរដូវកាល អ្នកធ្វើការក្រោមកិច្ចសន្យា និងអ្នកធ្វើការម្ដងម្កាល មិនមានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតក្នុងតំបន់
                     • និយោជិតមិនដឹងពីកន្លែងដែលទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន ឬក៏ព័ត៌មានជាភាសាសមស្របអំពីសុវត្ថិភាព និងការប្រុងប្រយ័ត្នវីរុសកូរ៉ូណា (ខូវីដ-១៩)។

                      សម្រាប់ព័ត៌មានបន្ថែម សូមមើលតំណភ្ជាប់ទាក់ទិនខាងក្រោម។

                      ហានិភ័យនៃការអស់កម្លាំងនៅក្នុងឧស្សាហកម្មកសិកម្ម

                      ជំងឺរាតត្បាតវីរុសកូរ៉ូណា (ខូវីដ-១៩) បានផ្លាស់ប្តូរបរិស្ថានការងារ និងការរស់នៅរបស់និយោជិតជាច្រើននៅក្នុងឧស្សាហកម្មកសិកម្ម។  កត្តាទាំងឡាយដូចជាការកើនឡើងនៃភាពតានតឹងនៅក្នុងការងារ និងជីវិតផ្ទាល់ខ្លួន ការផ្លាស់ប្តូរបរិស្ថានការងារ និងការកើនឡើងនៃតម្រូវការការងារ អាចបង្កើនហានិភ័យនៃភាពអស់កម្លាំងនៅកន្លែងធ្វើការ។ ការអស់កម្លាំងអាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងបង្កើនឱកាសនៃការរងរបួសនៅកន្លែងធ្វើការ។

                      ការគ្រប់គ្រងហានិភ័យ

                      កន្លែងណាដែលមានហានិភ័យដល់សុខភាពត្រូវបានកំណត់នៅកន្លែងធ្វើការ និយោជកត្រូវតែលុបបំបាត់ហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ ក្នុងករណីដែលមិនអាចលុបបំបាត់ហានិភ័យបានទេ វាត្រូវតែបានកាត់បន្ថយ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                      ពិគ្រោះយោបល់ជាមួយនិយោជិត

                      និយោជកក៏មានកាតព្វកិច្ចដែរដើម្បីពិគ្រោះយោបល់ជាមួយនិយោជិត អ្នកម៉ៅការឯករាជ្យ និង HSRs ណាម្នាក់ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ផ្ទាល់ដល់ពួកគេ។  នេះរាប់បញ្ចូលទាំងការពិគ្រោះយោបល់ស្តីពីការកំណត់គ្រោះថ្នាក់ ឬហានិភ័យ និងការសម្រេចចិត្ត អំពីវិធីគ្រប់គ្រងហានិភ័យទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។ ការពិគ្រោះយោបល់គួរតែបានធ្វើឡើង ស្របតាមនីតិវិធីពិគ្រោះយោបល់ណាមួយដែលបានឯកភាព។

                      ប្រភេទនៃវិធានការគ្រប់គ្រងដែលតម្រូវ  អាស្រ័យលើកម្រិតនៃហានិភ័យ ក៏ដូចជាភាពអាចរកបាន និងភាពសមស្របនៃការគ្រប់គ្រងសម្រាប់កន្លែងធ្វើការនីមួយៗ រួមទាំងតំបន់ការងារនីមួយៗ។

                      ការណែនាំលើការងារ

                      ដំណើរការណែនាំលើការងារដ៏ទូលំទូលាយអាចកាត់បន្ថយហានិភ័យដល់សុខភាព និងសុវត្ថិភាព ហើយគួរតែមាន៖

                      • ការផ្តល់ការណែនាំលើការងារពេញលេញ និងការតម្រង់ទិសទៅក្នុងតួនាទី
                       • ការផ្តល់នូវទំនាក់ទំនងគាំទ្រ
                        • ការបណ្តុះបណ្តាលអំពីគោលនយោបាយ និងនីតិវិធីពាក់ព័ន្ធ ឧទាហរណ៍ ការរាយការណ៍អំពីឧប្បត្តិហេតុនៃការឆ្លងមេរោគ និងការត្រួតពិនិត្យជាក់លាក់ទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។

                         ធានាថានិយោជិតដឹងពីអ្វីដែលត្រូវធ្វើ

                         កាតព្វកិច្ចរបស់និយោជកក្នុងការលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមទាំងការធានាថា៖

                         • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកគេបានឆ្លងជំងឺនេះ ស្របតាមព័ត៌មានដែលផ្តល់ដោយ DH (សូមមើលតំណភ្ជាប់ខាងក្រោម)
                          • និយោជិតណាម្នាក់ដែលមិនស្រួលខ្លួន មិនត្រូវចូលមកកន្លែងធ្វើការទេ រួមទាំងនិយោជិតដែលបានធ្វើតេស្តរកមើលវីរុសកូរ៉ូណា (ខូវីដ-១៩) ឬអស់អ្នកដែលបានបញ្ជាក់ថាមានករណីនៃវីរុសកូរ៉ូណា (ខូវីដ-១៩)។

                           ប្រសិនបើនិយោជិតវិវត្តរោគសញ្ញាណាមួយនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ទោះបីជាយ៉ាងណាក៏ដោយ ពួកគេគួរតែ៖

                           • ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ ស្វែងឱវាទផ្នែកវេជ្ជសាស្ត្រពីវេជ្ជបណ្ឌិតរបស់ពួកគេ ឬខ្សែទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងរបស់ DH ស្តីពីវីរុសកូរ៉ូណា (ខូវីដ-១៩) លេខ  1800 675 398 ហើយត្រូវធ្វើតេស្ត
                            • ប្រាប់និយោជករបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អនុវត្តតាមនីតិវិធីដែលបានអនុវត្តនៅកន្លែងការងាររបស់ពួកគេ និងរក្សានិយោជករបស់ពួកគេឱ្យបានទាន់បច្ចុប្បន្នភាព ប្រសិនបើស្ថានភាពរបស់ពួកគេផ្លាស់ប្តូរ (ឧទាហរណ៍ ប្រសិនបើពួកគេទទួលបានការធ្វើរោគវិនិច្ឆ័យវីរុសកូរ៉ូណា (ខូវីដ-១៩) វិជ្ជមាន)

                             Notifiable incidents and COVID-19

                             From 28 July 2020 new temporary regulations under the OHS Act specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of COVID-19 in the workplace. For more information see the guidance Notifiable incidents involving COVID-19.

                             ការត្រួតពិនិត្យ

                             និយោជកគួរតែអនុវត្តដំណើរការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការនាំចូលនៃជំងឺខូវីដ-១៩ ទៅកន្លែងធ្វើការ។ នេះរួមមានការសួរនិយោជិតមុនពេលពួកគេចូលទៅកន្លែងធ្វើការ ប្រសិនបើពួកគេ៖

                             • មានរោគសញ្ញាវីរុសកូរ៉ូណា (ខូវីដ-១៩) ណាមួយ
                              • មានទំនាក់ទំនងជាមួយករណីណាមួយដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)
                               • ស្ថិតនៅក្រោមទិសដៅសុខភាពណាមួយ (ដូចជាការដាក់ឱ្យនៅដាច់ពីគេ ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬទាក់ទងនឹងការធ្វើដំណើរ)

                                ដើម្បីធានាថាការទំនាក់ទំនងពីមនុស្សម្នាក់ទៅម្នាក់ត្រូវបានកាត់បន្ថយឱ្យមានតិចបំផុត ការត្រួតពិនិត្យអាចមានជាទម្រង់នៃការវាយតម្លៃដោយខ្លួនឯង ដែលនិយោជិតអាចបំពេញមុនពេលចូលមកកន្លែងធ្វើការសម្រាប់វេននីមួយៗ។

                                កម្រងសំណួរសុខភាពសម្រាប់បុគ្គលិកទាក់ទងនឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅលើវ៉ិបសៃថ៍ Business Victoria (អាជីវកម្មរដ្ឋវិចថូរៀ) គឺជាឧបករណ៍ត្រួតពិនិត្យសុខភាពដ៏មានប្រយោជន៍សម្រាប់និយោជក (តំណភ្ជាប់ខាងក្រោម)។

                                ផែនការតាមដាននៅកន្លែងធ្វើការ

                                ក្នុងករណីដែលនិយោជិតត្រូវបានបញ្ជាក់ថាមានជំងឺខូវីដ-១៩ អស់អ្នកដែលរងផលប៉ះពាល់ជាសក្តានុពល ចាំបាច់ត្រូវតែបានកំណត់ឱ្យបានរហ័ស។

                                ដើម្បីឱ្យអាចជួយដល់ការតាមដានអស់អ្នកដែលបានទាក់ទងនឹងករណីដែលបានបញ្ជាក់នោះ និយោជកគួរតែអនុវត្តដំណើរការ ដើម្បីកត់ត្រាអំពីតារាងពេលម៉ោង និងទីតាំងការងារសម្រាប់និយោជិត។

                                កំណត់ត្រាគួរតែដាក់បញ្ចូល៖

                                • ថ្ងៃ និងម៉ោងធ្វើការដែលបានអនុវត្ត
                                 • សមាជិកក្រុមដែលបានធ្វើការជាមួយគ្នា
                                  • តំបន់ការងារជាក់លាក់
                                   • ការសម្រាកណាមួយ រាប់បញ្ចូលទាំងពេលវេលា និងទីកន្លែង។

                                    ចលនារវាងទីតាំងកន្លែងធ្វើការ ឬតំបន់ក្នុងកន្លែងធ្វើការធំគួរតែត្រូវកាត់បន្ថយឱ្យមានតិចបំផុត តាមដែលអាចធ្វើទៅបាន។

                                    ពេលណាការចូលទៅកាន់ទីតាំងការងារច្រើនគឺចាំបាច់ ចលនារវាងទីតាំងការងារគួរតែបានកត់ត្រានៅក្នុងផែនការតាមដាននៅកន្លែងធ្វើការ។

                                    ការរក្សាគម្លាតរាងកាយ

                                    ការរក្សាគម្លាតរាងកាយយ៉ាងហោចណាស់១.៥ម៉ែត្រ គួរតែបានអនុវត្តនៅកន្លែងណាក៏ដោយដែលអាចធ្វើទៅបាន។ និយោជកគួរតែពិចារណាការងារនីមួយៗ ហើយថាតើមានវិធីជំនួសដែលមានសុវត្ថិភាព ដើម្បីអនុវត្តការងារដោយដាក់ឱ្យមាន ការកើនគម្លាតរវាងនិយោជិតឬអត់។

                                    ការត្រួតពិនិត្យផ្សេងទៀតអាចរួមមាន៖

                                    • ការគូសចំណាំគម្លាតសុវត្ថិភាពនៅកន្លែងធ្វើការ កន្លែងឆ្លងកាត់ និងកន្លែងសម្រាក (ឧទាហរណ៍ នៅលើកម្រាល និងជញ្ជាំង)
                                     • ការពិចារណាលំនាំនៃវេនការងារផ្សេងៗគ្នា ដើម្បីកាត់បន្ថយចំនួននិយោជិតនៅលើទីតាំងការងារ (ឧទាហរណ៍ ការណែនាំឱ្យមានវេនពេលព្រឹក និងពេលល្ងាច)
                                      • ពេលចាប់ផ្តើម ពេលឈប់សម្រាក និងពេលបញ្ចប់ដែលមានលក្ខណៈតៗគ្នា ដើម្បីចៀសវាងការកកកុញមនុស្សនៅតំបន់ចរាចរណ៍ខ្ពស់ ហើយកាត់បន្ថយនិយោជិតដើម្បីកុំឱ្យមានទំនាក់ទំនងប៉ះគ្នា នៅពេលពួកគេធ្វើដំណើរជុំវិញកន្លែងការងារ
                                       • ការរៀបចំផែនការពីរបៀបរក្សាគម្លាតរាងកាយក្នុងអំឡុងពេលមានអាកាសធាតុប្រែប្រួលខ្លាំង (ឧទាហរណ៍ ការប្រើប្រាស់បន្ទប់អាហារថ្ងៃត្រង់ និងគ្រឿងបរិក្ខារ)
                                        • ការដំឡើងរបាំងរាងកាយជាបណ្តោះអាសន្ន (ឧទាហរណ៍ អេក្រង់ផ្លាស្ទីក) រវាងតំបន់ធ្វើការ កន្លែងណាដែលសមស្រប
                                         • ដាក់គ្រឿងសង្ហារឹមនៅតំបន់រួមឱ្យឃ្លាតពីគ្នា ដើម្បីរក្សាតម្រូវការគម្លាតរាងកាយ។ នៅពេលផ្លាស់ប្តូរប្លង់ជាក់ស្តែងនៅកន្លែងធ្វើការ ធានាថាប្លង់នោះអនុញ្ញាតឱ្យមានការចូល ចេញ និងការធ្វើដំណើរចុះឡើងនៅកន្លែងធ្វើការដោយសុវត្ថិភាព
                                          • ណែនាំអ្នកដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការដែលបើកចូលមក ឱ្យរក្សានៅក្នុងយានយន្ត ហើយប្រើវិធីសាស្រ្តដែលពុំប៉ះពាល់រាងកាយគ្នា (ដូចជាទូរស័ព្ទចល័ត) ដើម្បីទំនាក់ទំនងជាមួយនិយោជិត កន្លែងណាក៏ដោយដែលអាចធ្វើទៅបាន
                                           • រៀបវេនការងាសម្រាប់និយោជិតដែលស្នាក់នៅកន្លែងជាមួយគ្នា ទៅក្នុងក្រុមការងារដែលបានទុកដោយឡែកពិសេស ដើម្បីកាត់បន្ថយលទ្ធភាពនៃការឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) រវាងបុគ្គលិកដែលមិនរស់នៅជាមួយគ្នា។ ក្រុមការងារដែលបានទុកដោយឡែកពិសេស គួរនៅតែអនុវត្តគម្លាតរាងកាយ កន្លែងណាដែលអាចធ្វើទៅបាន ហើយគួរតែបានបំបែកចេញពីក្រុមការងារផ្សេងទៀត (ដូចជាទីកន្លែងស្នាក់នៅ ឬគ្រឿងបរិក្ខាដឹកជញ្ជូនដែលមិនប្រើរួមគ្នា)។

                                            ក្នុងករណីដែលមិនអាចអនុវត្តភារកិច្ចការងារ និងរក្សាគម្លាតរាងកាយបានទេ ចាំបាច់ត្រូវអនុវត្តវិធានការត្រួតពិនិត្យផ្សេងទៀត។ ឧទាហរណ៍៖

                                            • ធ្វើឱ្យចំនួនអន្តកម្មមនុស្សនឹងមនុស្សមានតិចបំផុត ដែលចាំបាច់ត្រូវធ្វើឡើងក្នុងគម្លាត១.៥ម៉ែត្រ
                                             • ធ្វើឱ្យចំនួនបុគ្គលដែលចូលរួមក្នុងសកម្មភាពមានតិចបំផុត ដែលចាំបាច់ត្រូវធ្វើឡើងក្នុងគម្លាត១.៥ម៉ែត្រ
                                              • ការផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) (ដូចជាស្រោមដៃ ម៉ាស់ ខែលការពារមុខ)។

                                               កំណត់ចំណា៖ PPE គឺជាមធ្យោបាយការពារចុងក្រោយ ហើយគួរតែប្រើតែក្នុងស្ថានភាពជាក់លាក់ប៉ុណ្ណោះ។

                                               ព័ត៌មានបន្ថែមអំពីការប្រើប្រាស់ PPE ដោយសុវត្ថិភាពមានចែងខាងក្រោមនេះ។

                                               ការប្រមូលផ្តុំ និងការបណ្តុះបណ្តាលបុគ្គលិក

                                               ប្រសិនបើនិយោជកត្រូវតែមានការប្រជុំទល់មុខគ្នា ឬការបណ្តុះបណ្តាលជាមួយនិយោជិត នោះត្រូវធានាថា៖

                                               • និយោជិតអាចរក្សាគម្លាតយ៉ាងហោចណាស់១.៥ម៉ែត្រ ហើយមានទំហំផ្ទៃយ៉ាងតិច៤ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់
                                                • ពេលវេលាទល់មុខគ្នាត្រូវបានកំណត់
                                                 • ចំនួនអ្នកចូលរួមត្រូវបានកំណត់ តាមដែលអាចធ្វើទៅបាន
                                                  • ប្រសិនបើធ្វើនៅក្នុងអាគារ ត្រូវដាក់ឱ្យមានខ្យល់ចេញចូលល្អ
                                                   • កន្លែងណាដែលអាចធ្វើបាន ដាក់ជំនួសការប្រជុំទល់មុខគ្នា ឬការបណ្តុះបណ្តាលជាមួយវីដេអូ និង ការប្រើទូរស័ព្ទ និងប្រដាប់បំពងសម្លេង

                                                    អនាម័យ

                                                    ការថែរក្សាអនាម័យឱ្យបានល្អ អាចការពារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា (ខូវីដ-១៩)។ និយោជកគួរតែ៖

                                                    • ធានាថានិយោជិតទាំងអស់អនុវត្តអនាម័យល្អ រួមមាន៖
                                                     • ការលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកយ៉ាងហោចណាស់២០វិនាទី
                                                     • គ្របការក្អក និងកណ្តាស់ ឬក្អកទៅក្នុងកែងដៃ ឬស្មារបស់ពួកគេ
                                                     • ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
                                                    • ដាក់បង្ហាញព័ត៌មានស្តីពីអនាម័យនៅតាមទីតាំងដែលអាចមើលឃើញច្បាស់នៅកន្លែងធ្វើការ ដូចជាបន្ទប់បរិភោគអាហារ រោងការងារ បង្គន់ និងក្នុងទម្រង់ដែលនិយោជិតទាំងអស់អាចយល់។
                                                     • ផ្តល់ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុលនៅកន្លែងធ្វើការ នៅតាមច្រកចេញចូល និងនៅគ្រប់បន្ទប់បរិភោគអាហារ និងបន្ទប់សម្រាក។
                                                      • ទំនាក់ទំនងជាមួយបុគ្គលិកអំពីទីកន្លែងទឹកថ្នាំអនាម័យជូតសម្អាតដៃ និងលើកទឹកចិត្តឱ្យមានការប្រើជាញឹកញាប់។
                                                       • ពិភាក្សាជាទៀងទាត់អំពីតម្រូវការអនាម័យជាមួយនិយោជិត ហើយត្រួតពិនិត្យដើម្បីធានាថាពួកគេអនុវត្តតាម។
                                                        • ណែនាំអ្នកដឹកជញ្ជូនទំនិញ និងអ្នកម៉ៅការដែលបើកចូលមក ឱ្យប្រើទឹកថ្នាំអនាម័យលាងសម្អាតដៃដែលមានជាតិអាល់កុល មុនពេលដឹកជញ្ជូនផលិតផលដែលបានចាប់កាន់។
                                                         • ធានាថាមានគ្រឿងបរិក្ខារលាងសម្អាតដៃ ឬប្រសិនបើមិនអាចធ្វើទៅបានទេ ទឹកថ្នាំអនាម័យលាងសម្អាតដៃដែលមានជាតិអាល់កុល គឺអាចរកបានសម្រាប់និយោជិតបន្ទាប់ពីបានចាប់កាន់ទំនិញដោយផ្ទាល់។

                                                          គ្រឿងបរិក្ខារ

                                                          និយោជកត្រូវតែធានាថា និយោជិតមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារដែលសមស្រប។ និយោជកគួរតែពិនិត្យឡើងវិញ និងកែប្រែចំនួន និងទីតាំងនៃគ្រឿងបរិក្ខារដើម្បីកាត់បន្ថយចលនាជុំវិញទីតាំង។

                                                          គ្រឿងបរិក្ខារ ចាំបាច់ត្រូវរួមបញ្ចូល៖

                                                          • កន្លែងលាងសម្អាតដៃ (មិនថាជាអចិន្រ្តៃយ៍ ឬបណ្តោះអាសន្ន) ដូចជាផើងលាងសម្អាត ទឹកស្អាតបង្ហូរពីក្បាលមាស៊ីន សាប៊ូ និងកន្សែងក្រដាស ដាក់នៅតាមទីតាំងដែលបានគ្រោងទុកដើម្បីធានាថា និយោជិតអាចចូលប្រើបានទាន់ពេលវេលា
                                                           • លទ្ធភាពទទួលបានទឹកថ្នាំអនាម័យជូតសម្អាតដៃ
                                                            • ធុងសំរាមមានគំរបដែលមិនបាច់ប៉ះ (ឧទាហរណ៍ ប្រើឈ្នាន់ជើងដើម្បីបើកគម្រប)
                                                             • ធ្វើអនាម័យឱ្យបានហ្មតចត់ និងទៀងទាត់
                                                              • ប្រើប្រព័ន្ធគ្រប់គ្រងសំរាមសមស្រប។

                                                               ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារដែលប្រើរួមគ្នា

                                                               ចៀសវាងការប្រើប្រាស់ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាររួមគ្នា កន្លែងណាដែលអាចធ្វើទៅបាន។

                                                               កន្លែងណាដែលមិនអាចលុបបំបាត់ការប្រើប្រាស់រួមគ្នា និយោជកគួរតែ៖

                                                               • ផ្តល់ផលិតផលសម្អាត (ឧទាហរណ៍ ថ្នាំបាញ់មានជាតិអាល់កុល) នៅកន្លែងដាក់ឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាររួមគ្នា។
                                                                • រក្សាផលិតផលសម្អាតជាមួយឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារ ដោយព្រោះថាឧបករណ៍ទាំងនេះត្រូវបានយកប្រើនៅជុំវិញទីតាំងការងារ។
                                                                 • ធានាថាប្រតិបត្តិករទាំងអស់ត្រូវលាងសម្អាត ឬធ្វើអនាម័យដៃរបស់ពួកគេបានហ្មត់ចត់ មុន និងក្រោយពេលប្រើប្រាស់ម្តងៗ។
                                                                  • ធានាថាគ្រប់ផ្នែកនៃឧបករណ៍ គ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខារ (ឧទាហរណ៍ ឧបករណ៍ បង្កាន់ដៃ) ត្រូវបានជូតសម្អាត មុន និងក្រោយពេលប្រើប្រាស់។

                                                                   ការប្រើប្រាស់រួមគ្នានៃទូរស័ព្ទដៃ តុការិយាល័យ ការិយាល័យ ខុមព្យូធើរ និងឧបករណ៍ផ្សេងទៀតគួរតែបានជៀសវាង។ នៅកន្លែងដែលណាមិនអាចធ្វើទៅបានទេ វត្ថុទាំងនេះគួរតែបានរម្ងាប់មេរោគជាទៀងទាត់។

                                                                   ការសម្អាត

                                                                   ការលាងសម្អាតហ្មត់ចត់ និងទៀងទាត់ចាំបាច់ត្រូវអនុវត្តរាល់៖

                                                                   • តំបន់ការងារ
                                                                    • តំបន់ឆ្លងកាត់ (ដូចជាឡាន ឡានក្រុង និងឡានក្រុងធុនតូច)
                                                                     • កន្លែងសម្រាក និងបរិភោគអាហាររួមគ្នា
                                                                      • គ្រឿងបរិក្ខារប្រើរួមគ្នា (ឧទាហរណ៍ បន្ទប់ទឹក និងផ្ទះបាយ)
                                                                       • ឧបករណ៍ប្រើរួមគ្នា។

                                                                        ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សារធាតុគីមីដោយសុវត្ថភាព និងតម្រូវការអនាម័យផ្ទាល់ខ្លួន ត្រូវផ្តល់ជូនដល់បុគ្គលណាដែលធ្វើការលាងសម្អាត។

                                                                        ការលាងសម្អាតចាំបាច់ត្រូវអនុវត្តស្របតាមព័ត៌មានរបស់ DH ស្តីពីការសម្អាត និងការរម្ងាប់មេរោគសម្រាប់កន្លែងការងារសំណង់ (មើលតំណភ្ជាប់ខាងក្រោម)។

                                                                        ឧបករណ៍ការពារផ្ទាល់ខ្លួន

                                                                        និយោជកត្រូវផ្តល់ព័ត៌មាន ការណែនាំ និងបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ដោយសុវត្ថិភាព ការសម្អាតសារធាតុពុល ការថែរក្សា និងការបោះចោលនូវ PPE ណាមួយដែលបានផ្តល់ឱ្យ។ ពួកគេក៏ត្រូវផ្តល់ការត្រួតពិនិត្យចាំបាច់ណាមួយផងដែរ។

                                                                        PPE ណាមួយដែលបានផ្តល់ឱ្យ ចាំបាច់ត្រូវដំណើរការជាក់ស្តែងសម្រាប់បរិស្ថានការងារ (ឧទាហរណ៍ អនុញ្ញាតឱ្យមានភាពដែលអាចមើល និងចល័តភាពដែលអាចផ្លាស់ប្តូរបាន) និងការសម្អាតសារធាតុពុល ឬការបោះចោលត្រឹមត្រូវ នៅចុងបញ្ចប់នៃរាល់វេនការងារ។

                                                                        និយោជកគួរតែត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យប្រើ PPE ត្រឹមត្រូវ ឧទាហរណ៍ ដោយផ្តល់ព័ត៌មានលើផ្ទាំងរូបភាពអំពី៖

                                                                        • ការលាងសម្អាត ឬការប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ មុនពេលពាក់ PPE និងការពាក់គ្រឿងការពារមុខ មុននឹងពាក់ស្រោមដៃ។
                                                                         • ការដោះចេញស្រោមដៃ មុនពេលដោះចេញគ្រឿងពាក់ការពារមុខ ការលាងសម្អាត ឬការប្រើទឹកថ្នាំអនាម័យជូតសម្អាតដៃ បន្ទាប់ពីបានដោះចេញ PPE ឬបោះចោល PPE ដែលបានប្រើដោយសុវត្ថិភាព។

                                                                          ការគ្រប់គ្រងភាពអស់កម្លាំងទាក់ទងនឹងការងារ

                                                                          និយោជកត្រូវកំណត់អត្តសញ្ញាណគ្រោះថ្នាក់អស់កម្លាំងនៅកន្លែងធ្វើការ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                                                                          វិធានការត្រួតពិនិត្យ អាចរួមមាន៖

                                                                          • ធានាថានិយោជិតមានឱកាសដើម្បីដេកបានគ្រប់គ្រាន់ និងការជាសះស្បើយដើម្បីកាត់បន្ថយហានិភ័យនៃការអស់កម្លាំង
                                                                           • បង្កើតបទបញ្ជាវេនការងារដើម្បីកាត់បន្ថយភាពអស់កម្លាំងឱ្យមានតិចបំផុត ដែល៖
                                                                            • ជួយធ្វើឱ្យមានរយៈពេលដប់ម៉ោងរវាងវេនការងារ
                                                                            • កាត់បន្ថយវេនការងារពេលយប់មានជាប់ៗគ្នា
                                                                            • ជួយឱ្យមានការដេកលក់ស្រួលឡើងវិញបានពីរយប់ បន្ទាប់ពីបានបំពេញវេនការងារពេលយប់មួយចំនួន។
                                                                           • ធានាថាដំណើរការមាននៅនឹងកន្លែង ដើម្បីកាត់បន្ថយការបំពានបទបញ្ជាវេនការងារដែលនាំឱ្យអស់កម្លាំង ដូចជាការប្តូរវេន និងធ្វើការលើសម៉ោងធម្មតា
                                                                            • ដំណើរការវាយតម្លៃ និងរាយការណ៍អំពីការអស់កម្លាំង និងសុខុមាលភាពផ្លូវចិត្តរបស់បុគ្គលិក។

                                                                             ការធ្វើដំណើរទៅ មក និងជុំវិញកន្លែងធ្វើការ

                                                                             កន្លែងណាដែលនិយោជក ឬនិយោជកដែលជាម្ចាស់ផ្ទះផ្តល់ការដឹកជញ្ជូនដល់និយោជិត ពួកគេគួរតែ៖

                                                                             • ចៀសវាងដឹកអ្នកដំណើរច្រើននាក់នៅក្នុងឡាន ឬឡានក្រុង លើកលែងតែពួកគេរស់នៅក្នុងផ្ទះជាមួយគ្នា។
                                                                              • កន្លែងណាដែលនិយោជិតមកពីគ្រួសារផ្សេងៗគ្នា ហើយត្រូវធ្វើដំណើរជាមួយគ្នា នោះត្រូវរក្សាគម្លាតយ៉ាងហោចណាស់១.៥ម៉ែត្រ រវាងអ្នកដំណើរក្នុងអំឡុងពេលដឹកជញ្ជូន ប្រសិនបើអាចធ្វើទៅបាន។
                                                                               • កំណត់ម៉ាស៊ីនត្រជាក់ទៅនឹងលំហូរខ្យល់ពីខាងក្រៅ ជាជាងបក់លំហូរខ្យល់ដដែលឡើងវិញ ឬបើកបង្អួច កន្លែងណាដែលសមស្រប។
                                                                                • សម្អាត និងរម្ងាប់មេរោគផ្ទៃដែលប៉ះញឹកញាប់ (ដូចជាទាំងទ្វារ បង្កាន់ដៃ ខ្សែក្រវ៉ាត់សុវត្ថិភាព និងបង្អួច) ជាមួយទឹកថ្នាំលាងសម្អាត និងថ្នាំរម្ងាប់មេរោគសមស្របរវាងដំណើរនីមួយៗ។
                                                                                 • ប្រសិនបើការដឹកជញ្ជូនត្រូវបានផ្តល់ដោយក្រុមហ៊ុនជួលកម្លាំងពលកម្ម ចូរពិគ្រោះជាមួយក្រុមហ៊ុនជួលកម្លាំងពលកម្មអំពី របៀបដែលរឿងនេះនឹងកើតឡើង។

                                                                                  ការផ្តល់ទីកន្លែងស្នាក់នៅដល់និយោជិត

                                                                                  កន្លែងណាដែលនិយោជក ឬនិយោជកដែលជាម្ចាស់ផ្ទះផ្តល់ទីកន្លែងស្នាក់នៅដល់និយោជិត ពួកគេគួរតែធានាថា៖

                                                                                  • មានគ្រឿងបរិក្ខារគ្រប់គ្រាន់ និងអាចចូលដំណើរការបានដាក់នៅនឹងកន្លែងដើម្បីគាំទ្រដល់ការអនុវត្តរក្សាគម្លាតរាងកាយ និងអនាម័យល្អ
                                                                                   • ការរៀបចំត្រូវបានដាក់នៅនឹងកន្លែងដើម្បីឱ្យអ្នកធ្វើការបំពេញតម្រូវការដាក់ខ្លួនឱ្យនៅដាច់ពីគេ ប្រសិនបើចាំបាច់
                                                                                    • ទីកន្លែងស្នាក់នៅត្រូវបានសម្អាត និងរម្ងាប់មេរោគយ៉ាងហ្មត់ចត់មុនពេលនិយោជិតមកដល់ បន្ទាប់ពីពួកគេបានចាកចេញ ហើយឱ្យបានទៀងទាត់ តាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ
                                                                                     • ប្រសិនបើទីកន្លែងស្នាក់នៅបានផ្តល់ដោយក្រុមហ៊ុនជួលកម្លាំងពលកម្ម ចូរពិគ្រោះជាមួយក្រុមហ៊ុនជួលកម្លាំងពលកម្មអំពី របៀបដែលរឿងនេះនឹងកើតឡើង។

                                                                                      អ្វីដែលត្រូវធ្វើប្រសិនបើនិយោជិតមានវីរុសកូរ៉ូណា (ខូវីដ-១៩)

                                                                                      ក្នុងព្រឹត្តិការណ៍ដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានករណីនៃជំងឺខូវីដ-១៩ DH នឹងទាក់ទងបុគ្គលម្នាក់ៗដើម្បីកំណត់អត្តសញ្ញាណពីទំនាក់ទំនងជិតស្និទ្ធ។

                                                                                      ប្រសិនបើនិយោជិតបានមកកន្លែងធ្វើការរបស់ពួកគេ ខណៈពេលដែលពួកគេឆ្លងជំងឺ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិតផ្សេងទៀត DH នឹងទាក់ទងមកនិយោជកនោះ។

                                                                                      និយោជកគួរតែបង្កើតផែនការឆ្លើយតប និងនីតិវិធីសម្រាប់ករណីដែលបានសង្ស័យ ឬបានបញ្ជាក់ ដែលគួរតែរួមមាន៖

                                                                                      • ការរៀបចំសម្រាប់ការពិគ្រោះយោបល់ និងទំនាក់ទំនងជាមួយនិយោជិត រួមទាំងការធ្វើឱ្យប្រាកដថាព័ត៌មានទំនាក់ទំនងលម្អិតបានទាន់បច្ចុប្បន្នភាព
                                                                                       • រក្សាព័ត៌មានសម្រាប់ផែនការតាមដាននៅកន្លែងធ្វើការ
                                                                                        • កំណត់ទីតាំងការងារសម្រាប់ការសម្អាត និងការរម្ងាប់មេរោគ
                                                                                         • អនុវត្តរបបសម្អាត និងការរម្ងាប់មេរោគសមស្រប ដែលគួរតែបានត្រួតពិនិត្យដោយអ្នកមានសមត្ថភាព មុននឹងអនុញ្ញាតឱ្យចូលក្នុងតំបន់ដែលរងផលប៉ះពាល់នោះម្តងទៀត
                                                                                          • ផ្តល់ជូននិយោជិតជាមួយព័ត៌មានពាក់ព័ន្ធ មុនពេលចូលក្នុងទីតាំងការងារម្តងទៀត និងបន្តការងារឡើងវិញ
                                                                                           • ពិនិត្យ និងកែប្រែប្រព័ន្ធដើម្បីធានាថា ហានិភ័យត្រូវបានគ្រប់គ្រងដោយប្រសិទ្ធិភាព ដោយពិគ្រោះយោបល់ជាមួយ HSRs និងនិយោជិត។

                                                                                            កាតព្វកិច្ចស្របច្បាប់

                                                                                            និយោជកមានកាតព្វកិច្ចក្រោមច្បាប់ OHS ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ដែលរួមមានពួកគេត្រូវតែ៖

                                                                                            • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                             • កន្លែងណាដែលមានហានិភ័យដល់សុខភាពត្រូវបានកំណត់នៅកន្លែងធ្វើការ ត្រូវលុបបំបាត់ហានិភ័យនោះ។ ក្នុងករណីដែលមិនអាចលុបបំបាត់ហានិភ័យបានទេ ត្រូវកាត់បន្ថយវា ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។
                                                                                              • ផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ។
                                                                                               • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                                                                                • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស
                                                                                                 • ត្រួតពិនិត្យសុខភាពនិយោជិតរបស់និយោជក។
                                                                                                  • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក។
                                                                                                   • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់និយោជក មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តន៍របស់និយោជក។
                                                                                                    • ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs ប្រសិនបើមាន លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដល់ពួកគេដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់។

                                                                                                     នកប្រកបអាជីវកម្មដោយខ្លួនឯង ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថា មិនដាក់មនុស្សប៉ះពាល់នឹងហានិភ័យចំពោះសុខភាព និងសុវត្ថិភាពដែលកើតឡើងពីរបៀបដែលពួកគេអនុវត្តអាជីវកម្មរបស់ពួកគេ។

                                                                                                     អ្នកដែលមានតួនាទីគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថាកន្លែងធ្វើការ និងមធ្យោបាយនៃការចូល និងចេញពីកន្លែងនោះមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។

                                                                                                     និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                                                                                     • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់
                                                                                                      • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់មនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយរបស់ពួកគេនៅកន្លែងធ្វើការ
                                                                                                       • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។