ការបង្ការ និងការគ្រប់គ្រងនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅក្នុងឧស្សាហកម្មថែទាំសុខភាព និងជំនួយសង្គម

ព័ត៌មានអំពីការគ្រប់គ្រងហានិភ័យនៃការដាក់ប៉ះពាល់នឹងខូវីដ-១៩ នៅតាមទីកន្លែងគ្លីនិក និងមិនមែនគ្លីនិក រួមទាំងការដឹកជញ្ជូនអ្នកជំងឺ។

ការរឹតបន្តឹងដំណាក់កាលទី៤ អនុវត្តនៅក្នុងតំបន់ជុំវិញទីក្រុងម៉ែលប៊ន និងការរឹតបន្តឹងដំណាក់កាលទី៣ នៅក្នុងតំបន់ជនបទរដ្ឋវិចថូរៀ

កន្លែងណាដែលការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' អនុវត្ត អាស្រ័យលើឧស្សាហកម្មរបស់អ្នក កន្លែងការងាររបស់អ្នកអាច ត្រូវបានតម្រូវឱ្យ៖

  • បិទមិនឱ្យធ្វើការនៅលើទីតាំង
    • នៅតែបើកធ្វើការនៅលើទីតាំងដដែល ដោយមានផែនការ COVIDSafe ដែលបានបំពេញ
      • ស្ថិតនៅក្រោមប្រតិបត្តិការ ឬកាតព្វកិច្ចជាក់លាក់ខាងឧស្សាហកម្មដែលបានរឹតបន្តឹង។

        ការរឹតបន្តឹងទាំងនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលណាមួយ។ អ្នកត្រូវតែរក្សាបច្ចុប្បន្នភាព ជាមួយនឹងការផ្លាស់ប្តូរណាមួយ សម្រាប់ឧស្សាហកម្មរបស់អ្នក។

        រៀបចំផែនការ COVIDSafe

        វាជាកាតព្វកិច្ចសម្រាប់គ្រប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៤ 'ស្នាក់នៅផ្ទះ' ដែលត្រូវមានផែនការ COVIDSafe។ សម្រាប់កន្លែងធ្វើការដែលកំពុងប្រតិបត្តិការនៅលើទីតាំង ក្រោមការរឹតបន្តឹងដំណាក់កាលទី៣ 'ស្នាក់នៅផ្ទះ' នេះត្រូវបានណែនាំឱ្យមានផែនការ COVIDSafe។

        ផែនការ COVIDSafe ហានិភ័យខ្ពស់ ជួយឱ្យអាជីវកម្មបំពេញតាមតម្រូវការរបស់ពួកគេ ក្រោមការណែនាំដែលចេញដោយប្រធាន មន្ត្រីសុខាភិបាល រដ្ឋវិចថូរៀ (CHO)។

        អាជីវកម្ម វិចថូរៀ (Business Victoria) មានព័ត៌មានអំពីផែនការ COVIDSafe រួមទាំងគំរូ និងការណែនាំផងដែរ។

        តើកាតព្វកិច្ច OHS របស់ខ្ញុំ ត្រូវបានប៉ះពាល់យ៉ាងដូចម្តេចដោយការរឹតបន្តឹងទាំងនេះ?

        មិនមានការផ្លាស់ប្តូរកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) និងបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៧ (បទប្បញ្ញត្តិ OHS) ជាលទ្ធផលនៃការរឹតបន្តឹងទាំងនេះទេ។

        ការរៀបចំផែនការ COVIDSafe បង្កើតជាផ្នែកនៃការអភិវឌ្ឍប្រព័ន្ធការងារប្រកបដោយសុវត្ថិភាពមួយ  ទោះយ៉ាងណាក៏ដោយ ការមានផែនការ COVIDSafe និងការអនុវត្តតាមការណែនាំរបស់ CHO មិនមានន័យថាអ្នកបានអនុលោមតាមកាតព្វកិច្ចរបស់ អ្នកក្រោមច្បាប់ OHS និងបទប្បញ្ញត្តិ OHS នោះទេ។

        អ្នកត្រូវតែធ្វើតាមការណែនាំផ្នែកសុខភាពណាមួយ ដែលអនុវត្តចំពោះរបៀបដែលអាជីវកម្មរបស់អ្នកត្រូវប្រតិបត្តិការ ក៏ដូចជាធានាថា អ្នកកំពុងបំពេញតាមកាតព្វកិច្ចរបស់អ្នកក្រោមច្បាប់ OHS ដែរ។ និយោជិតក៏ត្រូវតែអនុលោមតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ OHS ផងដែរ។

        ហេតុការណ៍ជុំវិញ

        នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលរដ្ឋវិចថូរៀបានប្រកាសពីស្ថានភាពអាសន្នក្នុងរដ្ឋវិចថូរៀ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃវីរុសកូរ៉ូណា (ខូវីដ-១៩)។

        ចំនួនករណីដែលបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)  នៅក្នុងប្រទេសអូស្រ្តាលីកំពុងតែកើនឡើង។ ស្ថានភាពកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

        ការឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើមស្រាល ទៅធ្ងន់ធ្ងរ។ រោគសញ្ញាទូទៅនៃវីរុសកូរ៉ូណា (ខូវីដ-១៩) គឺ៖

        • គ្រុន
          • ញាក់ ឬបែកញើស
            • ក្អក
              • ឈឺបំពង់ក
                • ដង្ហើមខ្លី
                  • ហៀរសំបោរ
                    • បាត់បង់អារម្មណ៍ស្រង់ក្លិន

                      និយោជិតនៅក្នុងឧស្សាហកម្មថែទាំសុខភាព និងជំនួយសង្គមមានហានិភ័យខ្ពស់នៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។ និយោជិតទាំងនេះទំនងជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ និងអតិថិជននៅទីកន្លែងថែទាំ និងនៅក្នុងផ្ទះរបស់មនុស្ស ហើយដោយសារតែពួកគេធ្វើការនៅក្នុងបរិស្ថានដែលមានចរាចរខ្ពស់។

                      និយោជកមានកាតព្វកិច្ចផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ នេះរួមបញ្ចូលទាំងកិច្ចការពារហានិភ័យដល់សុខភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុវត្ថិភាពទាក់ទងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ដែលជាលទ្ធផលនៃការផ្តល់ការថែទាំសុខភាព និងសេវាកម្មជំនួយសង្គមក្នុងកាលៈទេសៈបច្ចុប្បន្ន។

                      និយោជិតមានកាតព្វកិច្ចថែទាំសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ពួកគេផ្ទាល់ និងសុខភាព និងសុវត្ថិភាពរបស់អ្នកឯទៀតនៅកន្លែងធ្វើការ ហើយសហការជាមួយនិយោជករបស់ពួកគេអំពីសកម្មភាពណាមួយដែលពួកគេធ្វើ ដើម្បីអនុលោមតាមច្បាប់ OHS ឬបទប្បញ្ញត្តិទាំងឡាយទៀត។

                      ព័ត៌មានបន្ថែមអំពីកាតព្វកិច្ចរបស់និយោជក និងនិយោជិតមានចែងខាងក្រោម (សូមមើលកាតព្វកិច្ចស្របច្បាប់)។

                      Notifiable incidents and coronavirus (COVID-19)

                      From 28 July 2020 new temporary regulations under the Occupational Health and Safety Act 2004 specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of coronavirus (COVID-19) in the workplace. For more information see the guidance Notifiable incidents involving coronavirus (COVID-19).

                      ការកំណត់ហានិភ័យដល់សុខភាពនៅក្នុងឧស្សាហកម្មថែទាំសុខភាព និងជំនួយសង្គម

                      និយោជកត្រូវកំណត់កម្រិតគ្រោះថ្នាក់ដល់សុខភាពរបស់និយោជិត ពីការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) នៅកន្លែងធ្វើការរបស់ពួកគេ រួមទាំងកន្លែងដែលផ្តល់ការថែទាំនៅតាមផ្ទះរបស់មនុស្ស។ នេះត្រូវធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) និងនិយោជិត។

                      សកម្មភាពមួយចំនួនដែលអាចបង្កហានិភ័យនៃការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា អាចរួមមាន៖

                      • ការផ្តល់ការថែទាំ ឬការគាំទ្រដោយផ្ទាល់ដល់មនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                        • ការដឹកជញ្ជូនមនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                          • ការចម្លងរោគពីនិយោជិតដែលអាចត្រូវបានដាក់ប៉ះពាល់នឹងអ្នកជំងឺដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ទៅនិយោជិតឯទៀត។
                            • ការអនុវត្តនីតិវិធីបង្កើតអ៊ែរ៉ូសូល (ឧទាហរណ៍ ការឆ្លុះមើលទងសួត, ការស៊កបំពង់ចូលទៅក្នុងបំពង់ខ្យល់, ការព្យាបាលដោយបញ្ចូលខ្យល់អុកស៊ីហ្សែនតាមច្រមុះមានលំហូរខ្ពស់មិនទាក់ទងនឹងការវះកាត់, ការប្រើខ្យល់ចេញចូលដោយដៃមុនការស៊កបំពង់ចូលទៅក្នុងបំពង់ខ្យល់, ការជួយឱ្យបេះដូងដកដង្ហើមឡើងវិញ, ការធ្វើឱ្យចេញកំហាក ការស្រូប ការប្រើប្រាស់ nebuliser) ទៅលើអ្នកដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                              • ការពិនិត្យរាងកាយលើមនុស្សដែលកំពុងបង្ហាញរោគសញ្ញាដូចគ្នានឹងវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                • ការលាងសម្អាតគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលបានយកប្រើសម្រាប់មនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                  • អ្នកលាងសម្អាត បុគ្គលិកបម្រើតាមផ្ទះ ឬភ្ញៀវដែលចូលបន្ទប់មនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                    • ការលាងសម្អាតកាំបិត ចាន ឬវត្ថុឯទៀតដែលបានប្រើប្រាស់ដោយអ្នកដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                      • ការសម្អាតបន្ទប់ និងកន្លែងសាធារណៈដែលមានមនុស្សត្រូវបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                        • ការឆ្លងកាត់តំបន់ដែលមនុស្សត្រូវបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) ត្រូវបានកំណត់ (ឧទាហរណ៍ បន្ទប់ធំរបស់អ្នកជំងឺ បន្ទប់រង់ចាំ អាហារដ្ឋាន កន្លែងប្រើរួមគ្នានៅតាមកន្លែងស្នាក់នៅ)។
                                          • ការចាត់ចែងសំណាកខ្យល់ដង្ហើមរបស់មនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                            • ភារកិច្ចទទួលភ្ញៀវដែលពាក់ព័ន្ធនឹងអន្តរកម្មជាមួយមនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                              • ការចាប់កាន់កាកសំណល់ ឬឧបករណ៍ការពារផ្ទាល់ខ្លួនកខ្វក់ ដែលប្រើប្រាស់ដោយបុគ្គលិកថែទាំមនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                                និយោជកក៏ត្រូវកំណត់ផងដែរ ថាតើមានហានិភ័យកើនឡើងផ្សេងទៀតដែលបណ្តាលមកពីវីរុសកូរ៉ូណា (ខូវីដ-១៩)ឬអត់ រួមមាន៖

                                                • អំពើហិង្សា និងភាពគឃ្លើនលើការងារ (ទាំងនៅកន្លែងធ្វើការ និងកន្លែងសាធារណៈដែលបុគ្គលិកអាចស្លៀកពាក់ឯកសណ្ឋាន) ដោយសារតែអ្នកគ្រប់គ្រងជួរមុខមិនបំពេញមុខការបានល្អ ការផ្លាស់ប្តូរព័ត៌មានយ៉ាងឆាប់រហ័ស ការបង្កើនបន្ទុកការងារ ការអនុវត្តន៍ការរឹតបន្តឹងរបស់រដ្ឋាភិបាល និងការភ័យខ្លាចចំពោះសាធារណៈជនអំពីវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                                  • ការអស់កម្លាំងដែលបណ្តាលមកពីការកើនឡើងនៃបន្ទុកការងារ កម្រិតបុគ្គលិកធ្វើការមិនគ្រប់គ្រាន់ ការដាក់បន្ថែម ឬវេនការងារកាន់តែមានរយៈពេលវែង និងសម្ពាធផ្សេងទៀត។
                                                    • ភាពតានតឹងដែលជាលទ្ធផលនៃការប៉ះទង្គិចផ្លូវចិត្ត ការកើនឡើងបន្ទុកការងារ និងកម្រិតកើនឡើងខ្ពស់នៃការផ្តោតអារម្មណ៍។
                                                      • ភាពអាចរកបាននៃការផ្គត់ផ្គង់ដូចជា PPE ឬគ្រឿងបរិក្ខារលាងសម្អាត។
                                                        • កម្លាំងពលកម្ម និងកង្វះជំនាញ រួមទាំងការផ្លាស់ប្តូរសមាសភាព ឬមុខងារកម្លាំងពលកម្ម ដែលជាធម្មតាត្រូវបានធ្វើឡើងដោយនិយោជិត។
                                                          • ភាពជាក់ស្តែងនៃការប្រើប្រាស់ PPE ក្នុងបរិស្ថានជួរមុខ (ដូចជាការចូលទៅផ្ទះអ្នកជម្ងឺ ការព្យាបាលអ្នកជម្ងឺនៅជាន់លំនៅដ្ឋាន)។
                                                            • PPE ក្លាយជាគ្មានប្រសិទ្ធភាព ឬខូចខាតដោយសារកត្តាបរិស្ថាន (ឧទាហរណ៍ អាវវែងរបស់អ្នកជំនួយវេជ្ជបណ្ឌិតជាប់ ឬរហែកដោយកម្លាំងខ្យល់បក់ខ្លាំង)។

                                                              ការគ្រប់គ្រងហានិភ័យដល់សុខភាព

                                                              កន្លែងណាដែលមានហានិភ័យដល់សុខភាពត្រូវបានកំណត់នៅកន្លែងធ្វើការ រួមទាំងសុខភាពផ្លូវចិត្ត និយោជកត្រូវតែលុបបំបាត់ ហានិភ័យ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។ ក្នុងករណីដែលមិនអាចលុបបំបាត់ហានិភ័យបានទេ វាត្រូវតែបានកាត់បន្ថយ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល។

                                                              និយោជកក៏មានកាតព្វកិច្ចដែរដើម្បីពិគ្រោះយោបល់ជាមួយនិយោជិត និងអ្នកតំណាងសុខភាព និងសុវត្ថិភាព (HSRs) (ប្រសិនបើមាន) លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់។

                                                              នេះរាប់បញ្ចូលទាំងការពិគ្រោះយោបល់លើការកំណត់គ្រោះថ្នាក់ ឬហានិភ័យ និងការសម្រេចចិត្តអំពីវិធីគ្រប់គ្រងហានិភ័យទាក់ទង នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) (ឧទាហរណ៍ ធ្វើការនៅទីតាំងផ្សេងក្រៅពីកន្លែងធ្វើការធម្មតា នីតិវិធីសម្រាប់ការគ្រប់គ្រងមនុស្សស្លាប់)។

                                                              ប្រភេទនៃវិធានការត្រួតពិនិត្យដែលតម្រូវ អាស្រ័យលើកម្រិតនៃហានិភ័យ ក៏ដូចជាភាពអាចរកបាន និងភាពសមស្របនៃការគ្រប់គ្រងសម្រាប់កន្លែងធ្វើការនីមួយៗ រួមទាំងតំបន់ការងារនីមួយៗផងដែរ។

                                                              វិធានការត្រួតពិនិត្យអាចរួមមាន៖

                                                              ប្រព័ន្ធការងារ

                                                              • បង្កើតផែនការកម្រិតអង្គការ ដើម្បីដោះស្រាយតម្រូវការដែលកើនឡើងយ៉ាងរហ័សបណ្តាលមកពីវីរុសកូរ៉ូណា (ខូវីដ-១៩) រួមទាំងការរៀបចំ និងការអនុវត្តន៍វិធានការត្រួតពិនិត្យដើម្បីការពារហានិភ័យនៃការដាក់ប៉ះពាល់ដល់និយោជិត។ ផែនការទាំងនេះគួរតែបានរៀបចំដោយអនុលោមតាមដំបូន្មានផ្តល់ដោយវ៉ិបសៃថ៍របស់ ក្រសួងសុខាភិបាល និងសេវាកម្មមនុស្ស (DHHS) វីរុសកូរ៉ូណា (ខូវីដ-១៩) (សូមមើលតំណខាងក្រោម)។
                                                                • រៀបចំផែនការកម្រិតគ្រឿងអាគារ ដែលពិពណ៌នាការត្រួតពិនិត្យដែលនឹងត្រូវបានយល់ព្រម ក្នុងករណីនៃ ការផ្ទុះរាតត្បាតនៃជំងឺ (ឧទាហរណ៍ ការដាក់ឱ្យនៅដាច់ពីគេនៃអ្នករស់នៅក្នុងអាគារ ការប្រើប្រាស់បន្ទប់ទឹក និងផ្ទះបាយ) ដោយអនុលោមតាមការណែនាំដែលផ្តល់ដោយ DHHS។
                                                                  • កិច្ចការពារទំនាក់ទំនងដែលមិនចាំបាច់ជាមួយមនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩) (ឧទាហរណ៍ ការត្រួតពិនិត្យតាមទូរស័ព្ទដើមដំបូង ដើម្បីជ្រើសរើសអ្នកជំងឺទៅទីកន្លែងសមស្រប ការពិគ្រោះយោបល់តាមទូរស័ព្ទ)។
                                                                    • ការកាត់បន្ថយឱ្យមានតិចបំផុតនូវហានិភ័យនៃការឆ្លងរោគ ដោយបំបែកក្រុមថែទាំករណីយដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                                                      • កំណត់ការចម្លងរោគ ដោយបែងចែកនិយោជិតឱ្យធ្វើការនៅក្នុងបន្ទប់ធំរបស់អ្នកជំងឺ ឬកន្លែងថែទាំតែមួយ សម្រាប់វេននីមួយៗ។
                                                                        • កំណត់ការចម្លងរោគនៅកន្លែងថែទាំតាមផ្ទះ ដោយបែងចែកអ្នកជំងឺ ឬអតិថិជនដល់និយោជិតដូចគ្នាសម្រាប់វេននីមួយៗ។
                                                                          • អនុវត្តវិធានការរក្សាគម្លាតរាងកាយនៅគ្រប់ទីកន្លែងធ្វើការ រួមទាំងទីកន្លែងគ្លីនិក និងមិនមែនគ្លីនិក ក្នុងអំឡុងពេលផ្ទេរមុខការ/អាជីវកម្ម ការថែទាំអ្នកជំងឺក្រៅមន្ទីរពេទ្យ ការចុះទៅពិនិត្យនៅផ្ទះ និងការត្រួតពិនិត្យសុខុមាលភាព។
                                                                            • ដំបូន្មានជាក់លាក់ដល់បុគ្គលិក ដើម្បីធានាថាពួកគេមិនមកធ្វើការពេលណាមិនស្រួលខ្លួន។
                                                                              • ការត្រួតពិនិត្យសុខភាពរបស់និយោជិត ដើម្បីជួយរកឱ្យឃើញទាន់ពេលនៃការឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ដែលបានសង្ស័យ ដើម្បីការពារការឆ្លងរោគ។
                                                                                • ធានាថាផែនការបន្តអាជីវកម្មមានដាក់ដំណើរការសម្រាប់ការអវត្តមានពីការងាររបស់និយោជិត រួមមានការណែនាំលើការងារ និងការបណ្តុះបណ្តាលបរិបទជាក់លាក់ឱ្យបានគ្រប់គ្រាន់សម្រាប់និយោជិត ដែលបានផ្តល់តួនាទីទៅកន្លែងផ្សេងក្រៅពីកន្លែងធ្វើការធម្មតារបស់ពួកគេ។

                                                                                  សូមយោងទៅវ៉ិបសៃថ៍ DHHS ស្តីពីព័ត៌មានសម្រាប់សេវាកម្មសុខភាព រួមទាំងឧបករណ៍ដែលអាចជួយក្នុងការធ្វើផែនការ និងការអនុវត្តន៍ប្រព័ន្ធការងារប្រកបដោយសុវត្ថិភាព។

                                                                                  បរិស្ថាន និងបរិក្ខារការងារ

                                                                                  • ការផ្លាស់ប្តូរបរិស្ថានការងារដើម្បីការពារការទាក់ទងដែលមិនចាំបាច់ជាមួយមនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។ (ឧទាហរណ៍ គ្រឿងបរិក្ខារដែលបានជ្រើសតាំង របាំង perspex ដាក់នៅតាមកន្លែងទទួលភ្ញៀវ ចំណុចចេញចូលដែលជ្រើសតាំង សម្រាប់មនុស្សដែលបានសង្ស័យ ឬបានបញ្ជាក់ថាមានវីរុសកូរ៉ូណា (ខូវីដ-១៩)។
                                                                                    • ការផ្តល់ និងលើកទឹកចិត្តចំពោះការប្រើប្រាស់គ្រឿងបរិក្ខារ ឬផលិតផលនានា (ឧទាហរណ៍ ស្ថានីយលាងសម្អាតដៃជាមួយសាប៊ូ និងកន្សែងដៃ ទឹកថ្នាំអនាម័យជូតសម្អាតដៃមានជាតិអាល់កុលជាង៦០ភាគរយ ទឹកថ្នាំធ្វើឱ្យសសម្រាប់រម្ងាប់មេរោគ / លាងសម្អាត) ដើម្បីអនុញ្ញាតឱ្យនិយោជិតរក្សាទម្លាប់អនាម័យល្អ។
                                                                                      • ចៀសវាងការប្រើប្រាស់រួមគ្នាមានដូចជាទូរស័ព្ទ តុ តុការិយាល័យ ផ្ទះបាយ ឬឧបករណ៍ ឬគ្រឿងបរិក្ខារការងារផ្សេងទៀត។
                                                                                        • ឱ្យមានអនាម័យហ្មត់ចត់ និងទៀងទាត់នៅតាមកន្លែងធ្វើការ។
                                                                                          • មានប្រព័ន្ធគ្រប់គ្រងកាកសំណល់សមស្រប រួមទាំងការបោះចោលដោយសុវត្ថិភាពនៃ PPE កខ្វក់។
                                                                                            • ផ្តល់ពេលវេលាដល់និយោជិតឱ្យលាងសម្អាត និងផ្លាស់ប្តូរសម្លៀកបំពាក់របស់ពួកគេ មុនពេលបញ្ចប់វេនការងាររបស់ពួកគេ។
                                                                                              • ធានាថាបុគ្គលិកទាំងអស់មានលទ្ធភាពទទួលបានទីតាំងស្អាត និងមានសុវត្ថិភាពសម្រាប់ការសម្រាកបរិភោគអាហារ។

                                                                                                PPE (ឧបករណ៍ការពារផ្ទាល់ខ្លួន)

                                                                                                • ការផ្តល់ PPE ដែលសមស្របសម្រាប់កម្រិតនៃហានិភ័យទាក់ទងនឹងភារកិច្ច ស្របតាមការណែនាំពី DHHS សម្រាប់សេវាកម្មសុខភាព និងអ្នកអនុវត្តទូទៅផ្នែកវេជ្ជសាស្រ្ត (តំណភ្ជាប់ខាងក្រោម)។ ព័ត៌មាន ការណែនាំ និងការបណ្តុះបណ្តាលត្រូវតែបានផ្តល់ ហើយគួរតែរួមបញ្ចូលព័ត៌មានអំពីមូលហេតុដែល PPE ត្រូវបានតម្រូវ វិធីប្រើប្រាស់វាដោយសុវត្ថិភាព វិធីដោះចេញដោយសុវត្ថិភាព និងវិធីបោះចោលដោយអនុលោមទៅតាមការណែនាំរបស់ DHHS។
                                                                                                  • ការធានា PPE ដែលបានផ្តល់ឱ្យ គឺមានប្រយោជន៍ជាក់ស្តែងសម្រាប់បរិស្ថានការងារ។
                                                                                                    • ការផ្តល់សម្លៀកបំពាក់ឱ្យនិយោជិតស្លៀកពាក់នៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរោគពីសម្លៀកបំពាក់ ក្នុងអំឡុងពេលធ្វើដំណើរ និងនៅផ្ទះ ហើយកាត់បន្ថយហានិភ័យនៃអំពើហិង្សាលើការងារនៅពេលធ្វើដំណើរ។
                                                                                                      • ការផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់ដល់និយោជិតដើម្បីដោះចេញ ហើយបោះចោល PPE និងសម្លៀកបំពាក់ដែល កខ្វក់ប្រកបដោយសុវត្ថិភាព។
                                                                                                        • ការផ្តល់សេវាកម្មបោកគក់សម្រាប់និយោជិត ដើម្បីកាត់បន្ថយតម្រូវការដឹកជញ្ជូន និងចាប់កាន់សម្លៀកបំពាក់កខ្វក់ដែលមានសក្តានុពល។
                                                                                                          • ការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយនិយោជិតអំពីភាពអាចរកបាននៃ PPE (ឧទាហរណ៍ កម្រិតស្តុក)។

                                                                                                            ការប្រាស្រ័យទាក់ទង និងសុខុមាលភាពរបស់និយោជិត

                                                                                                            • ការពិគ្រោះយោបល់ជាមួយ HSRs និងនិយោជិតឱ្យបានញឹកញាប់តាមដែលចាំបាច់ ដើម្បីធានាបាននូវការចូលរួមរបស់ពួកគេចំពោះការផ្លាស់ប្តូរណាមួយដែលបានដាក់ស្នើ។
                                                                                                              • ការប្រាស្រ័យទាក់ទងអំពីការរំពឹងទុក និងលក្ខខណ្ឌការងារដែលបានផ្លាស់ប្តូរណាមួយដល់អ្នកជំងឺ អតិថិជន និងភ្ញៀវដើម្បីកាត់បន្ថយហានិភ័យនៃវីរុសកូរ៉ូណា (ខូវីដ-១៩) ដល់និយោជិត។
                                                                                                                • ការផ្តល់ព័ត៌មានជាទម្រង់ និងភាសាដែលនិយោជិតអាចយល់បានយ៉ាងងាយស្រួល។
                                                                                                                  • ធានាថានិយោជិតដែលបានចាត់ទុកថាមានហានិភ័យខ្ពស់ ទាក់ទងនឹងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) បានទទួលផ្តល់ឱកាសដើម្បីធ្វើការនៅកន្លែងដែលមានហានិភ័យទាប ប្រសិនបើអាចធ្វើទៅបាន។
                                                                                                                    • ការប្រើប្រាស់សន្និសីទវីដេអូសម្រាប់ការបង្រៀន និងការប្រជុំតាមមន្ទីរ។
                                                                                                                      • ធានាថានិយោជិតឈប់សម្រាកទៀងទាត់ ហើយមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់ការឈប់សម្រាក។
                                                                                                                        • ផ្តល់ជូនព័ត៌មានទាន់បច្ចុប្បន្នភាពដល់និយោជិតទាំងអស់ រួមទាំងនិយោជិតដែលកំពុងឈប់សម្រាកពីការងារ អ្នកម៉ៅការ និងអ្នកធ្វើការម្ដងម្កាល។
                                                                                                                          • ធានាថានិយោជិតដឹងពីវិធីប្រើប្រាស់ ដឹកជញ្ជូន និងរម្ងាប់មេរោគសម្លៀកបំពាក់ និងវត្ថុកខ្វក់ដែលមានសក្តានុពល ដែលបានប្រើប្រាស់នៅកន្លែងធ្វើការ (ឧទាហរណ៍ ស្បែកជើង ទូរស័ព្ទ អត្តសញ្ញាណប័ណ្ណ)។
                                                                                                                            • ធានាថានិយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថា ពួកគេបានឆ្លងមេរោគ យោងតាមព័ត៌មានរបស់ DHHS អំពីវីរុសកូរ៉ូណា (ខូវីដ-១៩) (តំណភ្ជាប់ខាងក្រោម)។
                                                                                                                              • ធានាថានិយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនមានសុវត្ថិភាព ឬមិនស្រួលនៅកន្លែងធ្វើការ។

                                                                                                                                ប្រសិនបើនិយោជិតវិវត្តរោគសញ្ញាវីរុសកូរ៉ូណា (ខូវីដ-១៩) ពួកគេគួរតែដាក់ខ្លួនឱ្យនៅដាច់ពីគេជាបន្ទាន់ ទូរស័ព្ទមកខ្សែទូរស័ព្ទផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណា លេខ 1800 675 398 ឬវេជ្ជបណ្ឌិតរបស់ពួកគេ ហើយធ្វើតាមការណែការដាក់ខ្លួនឱ្យនៅដាច់ពីគេ ដែលមាននៅតាមវ៉ិបសៃថ៍ DHHS (តំណភ្ជាប់ខាងក្រោម)។

                                                                                                                                កាតព្វកិច្ចរបស់និយោជកក្នុងការលុបបំបាត់ ឬកាត់បន្ថយហានិភ័យទាក់ទងការដាក់ប៉ះពាល់នឹងវីរុសកូរ៉ូណា (ខូវីដ-១៩) ) ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល រួមទាំងការធានាថា៖

                                                                                                                                • និយោជិតដឹងពីអ្វីដែលត្រូវធ្វើ ឬនរណាត្រូវជូនដំណឹង ប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួន ឬសង្ស័យថាពួកគេបានឆ្លងមេរោគ យោងតាមព័ត៌មានដែលផ្តល់ដោយ DHHS (សូមមើលតំណខាងក្រោម)
                                                                                                                                  • និយោជិតណាម្នាក់ដែលមិនស្រួលខ្លួន មិនត្រូវចូលមកកន្លែងធ្វើការទេ រួមទាំងនិយោជិតដែលបានធ្វើតេស្តរកមើលវីរុសកូរ៉ូណា (ខូវីដ-១៩) ឬអស់អ្នកដែលបានបញ្ជាក់ថាមានករណីនៃវីរុសកូរ៉ូណា (ខូវីដ-១៩)។

                                                                                                                                    ធ្វើការពីទីតាំងផ្សេងពីកន្លែងធ្វើការធម្មតា

                                                                                                                                    ក្នុងកាលៈទេសៈខ្លះ និយោជកអាចតម្រូវឱ្យនិយោជិតទៅធ្វើការពីទីតាំងផ្សេងពីកន្លែងធ្វើការធម្មតារបស់ពួកគេ។

                                                                                                                                    នេះរួមមានការធ្វើការនៅតំបន់ផ្សេង គ្លីនិកដែលទើបបង្កើតថ្មី មន្ទីរពេទ្យដែលប្រឌិតច្នៃ មន្ទីរប្រើប្រាស់នៅគ្រាអាសន្ន និងការផ្លាស់ប្តូរការនៅកន្លែងថែទាំតាមផ្ទះ។ ថាតើនេះជាវិធានការដែលអាចអនុវត្តបានដោយសមហេតុផលឬអត់  អាស្រ័យលើភាពជាក់លាក់នៃកន្លែងការងារ គ្រឿងបរិក្ខារដែលអាចរកបានសម្រាប់និយោជិត និងសមត្ថភាពសម្រាប់និយោជិតដើម្បីបំពេញការងាររបស់ពួកគេដោយសុវត្ថិភាព។

                                                                                                                                    នៅពេលធ្វើការសម្រេចចិត្តអំពីថាតើនិយោជិតគួរធ្វើការពីទីតាំងខុសៗគ្នា និយោជកត្រូវតែពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs (ប្រសិនបើមាន) ហើយគួរតែ៖

                                                                                                                                    • ពិចារណាថាតើនិយោជិតមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូរ៉ូណា (ខូវីដ-១៩) ឬជួបប្រទះនូវផលវិបាកដែលពាក់ព័ន្ធឬអត់ មុនពេលបញ្ជូនពួកគេទៅតំបន់ដែលមានហានិភ័យខ្ពស់។
                                                                                                                                      • ពិចារណាថាតើការធ្វើការពីទីតាំងផ្សេងគ្នា នឹងនាំឱ្យមានហានិភ័យបន្ថែមដែរឬអត់ ដូចជាហានិភ័យទាក់ទងនឹងការចាប់កាន់ដោយដៃដែលមានគ្រោះថ្នាក់ ឬហានិភ័យផ្លូវចិត្តទាក់ទងនឹងការ ដាក់ខ្លួនឱ្យនៅដាច់ពីគេ។
                                                                                                                                        • រក្សាព័ត៌មានថ្មីៗអំពីហានិភ័យនៃវីរុសកូរ៉ូណា (ខូវីដ-១៩) និងវិធានការត្រួតពិនិត្យសមស្រប។
                                                                                                                                          • ស្វែងរកដំបូន្មានជាក់លាក់ចំពោះកាលៈទេសៈរបស់ពួកគេ រួមមានដំបូន្មានផ្លូវការដែលចេញដោយ DHHS ឬទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត និងអ្នកផ្តល់សេវាកម្មផ្លូវច្បាប់។ អង្គការនិយោជិត និងនិយោជកមួយចំនួនក៏អាចផ្តល់ការណែនាំផងដែរ។
                                                                                                                                            • បង្កើតប្រព័ន្ធទំនាក់ទំនងសម្រាប់ផ្តល់ព័ត៌មានដល់និយោជិត អំពីការរៀបចំការងារ។
                                                                                                                                              • ធានាថាម៉ោងធ្វើការត្រូវបានត្រួតពិនិត្យ និងអាចបត់បែនបាន កន្លែងណាដែលអាចធ្វើទៅបាន។
                                                                                                                                                • ធានាថាប្រព័ន្ធគាំទ្រមានសម្រាប់ IT គ្រឿងបរិក្ខារ និងតម្រូវការផ្ទាល់ខ្លួន។

                                                                                                                                                  និយោជកក៏ត្រូវផ្តល់ការណែនាំលើការងារ និងការបណ្តុះបណ្តាលលើបរិបទជាក់លាក់ឱ្យបានគ្រប់គ្រាន់ដល់និយោជិត ដែលបានផ្តល់តួនាទីទៅកន្លែងផ្សេងពីកន្លែងធ្វើការធម្មតារបស់ពួកគេ។

                                                                                                                                                  កាតព្វកិច្ចស្របច្បាប់

                                                                                                                                                  និយោជកមានកាតព្វកិច្ចក្រោមច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ដល់កម្រិតដែលអាចអនុវត្តបានដោយ សមហេតុផល ដែលរួមមានពួកគេត្រូវតែ៖

                                                                                                                                                  • ផ្តល់ និងថែរក្សាបរិស្ថានការងារដែលមានសុវត្ថិភាព និងគ្មានហានិភ័យដល់សុខភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                                                                                    • ផ្តល់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់សុខុមាលភាពរបស់និយោជិត និងអ្នកម៉ៅការឯករាជ្យ
                                                                                                                                                      • ផ្តល់ព័ត៌មាន ការណែនាំ ការបណ្តុះបណ្តាល ឬការត្រួតពិនិត្យដល់និយោជិត និងអ្នកម៉ៅការឯករាជ្យដែលចាំបាច់ ដើម្បីឱ្យមនុស្សទាំងនោះអាចបំពេញការងាររបស់ខ្លួន តាមរបៀបដែលមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។
                                                                                                                                                        • ត្រួតពិនិត្យសុខភាពនិយោជិតរបស់និយោជក។
                                                                                                                                                          • ត្រួតពិនិត្យស្ថានភាពនៅកន្លែងធ្វើការណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់និយោជក។
                                                                                                                                                            • ផ្តល់ព័ត៌មានទាក់ទងនឹងសុខភាព និងសុវត្ថិភាពដល់និយោជិត រួមទាំង (កន្លែងណាដែលសមរម្យ) ជាភាសាក្រៅពីភាសាអង់គ្លេស។
                                                                                                                                                              • ធានាថាបុគ្គលក្រៅពីនិយោជិតរបស់និយោជក មិនត្រូវបានដាក់ប៉ះពាល់នឹងហានិភ័យចំពោះសុខភាព ឬសុវត្ថិភាពរបស់ពួកគេ ដែលកើតឡើងពីការប្រព្រឹត្តិនៃការអនុវត្តន៍របស់និយោជក។ ពិគ្រោះយោបល់ជាមួយនិយោជិត និង HSRs (ប្រសិនបើមាន) លើបញ្ហាទាក់ទងនឹងសុខភាព ឬសុវត្ថិភាពដែលប៉ះពាល់ដោយផ្ទាល់ ឬទំនងជាប៉ះពាល់ដល់ពួកគេដោយផ្ទាល់។

                                                                                                                                                                អ្នកដែលមានតួនាទីគ្រប់គ្រង ឬការត្រួតពិនិត្យកន្លែងធ្វើការ ដល់កម្រិតដែលអាចអនុវត្តបានដោយសមហេតុផល ត្រូវតែធានាឱ្យបានថាកន្លែងធ្វើការ និងមធ្យោបាយនៃការចូល និងចេញពីកន្លែងនោះមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព។

                                                                                                                                                                និយោជិតក៏មានកាតព្វកិច្ចក្រោមច្បាប់ OHS ដែរ ដែលរួមមានពួកគេត្រូវតែ៖

                                                                                                                                                                • យកចិត្តទុកដាក់សមហេតុផលចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួនផ្ទាល់ និងរបស់មនុស្សដែលអាចរងផលប៉ះពាល់ដោយអំពើ ឬការខ្ជះខ្ជាយរបស់និយោជិតនៅកន្លែងធ្វើការ។
                                                                                                                                                                  • សហការជាមួយនិយោជករបស់ខ្លួន ដោយគោរពនូវរាល់សកម្មភាពរបស់និយោជក ដើម្បីអនុលោមតាមតម្រូវការដែលបានកំណត់ដោយ ឬក្រោមច្បាប់ OHS។

                                                                                                                                                                    ច្បាប់ OHS ផ្តល់ឱ្យ HSR នូវតួនាទីក្នុងការលើកឡើង និងដោះស្រាយបញ្ហា OHS ណាមួយជាមួយនិយោជករបស់ពួកគេ និងអំណាចដើម្បីលើកយកបញ្ហាថែមទៀត ប្រសិនបើចាំបាច់។