វិធានការមួយចំនួនដើម្បីកាត់បន្ថយហានិភ័យពីការស្លាប់ដោយគោរត់ពារជាន់

គោរត់​បុក ឬ​ជាន់​គឺជា​មូល​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ខ្ពស់​ទីពីរ​ក្នុងចំណោម​ការ​បាត់​បង់​ជីវិត​ក្នុង​កសិដ្ឋាន។ សូម​អាន​ពី​អ្វី​ដែល​ត្រូវ​​ប្រុង​ប្រយ័ត្ន និង​ការ​ណែនាំ​ខ្លីៗ​ពី​សុវត្ថិភាពនៅពេលធ្វើការជាមួយសត្វ​គោ។.

Shape

ប្រវត្តិ

បច្ចុប្បន្ននេះ គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​​នៅកន្លែង​បំពេញការងារ​គឺជា​បទ​ឧក្រិដ្ឋ​ក្រោម​ច្បាប់​ស្តីពី​សុខភាព និង​សុវត្ថិភាព​កន្លែង​បំពេញការងារ។ ម្ចាស់​កសិដ្ឋាន អ្នក​គ្រប់​គ្រង​ និង​នាយកកសិដ្ឋាន​ត្រូវ​ធានា​ឱ្យបាននូវកន្លែង​បំពេញ​ការងារ​ប្រកបដោយ​សុវត្ថិភាព និងសុខភាពល្អ-  ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​នៅ​កសិដ្ឋាន​របស់​អ្នក​ អ្នក​អាច​រង​ការ​កាត់​ទោស​ក្រោម​ច្បាប់​ថ្មី​នេះ។

ច្បាប់​ថ្មី​នេះ​មិន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​នោះ​ទេ គ្រាន់​តែច្បាប់នេះ​ចែង​ពី​ការ​ដាក់​ទោស​កាន់​តែ​ធ្ងន់​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​គោរពទៅ​តាមកាតព្វកិច្ច​ស្តីពីសុវត្ថិភាព និង​សុខភាព​កន្លែង​បំពេញ​ការងារ​រួច​ហើយ និង​បន្ត​គោរព​តាម​កាតព្វកិច្ច​នោះតទៅទៀត គឺអ្នក​កំពុង​ធ្វើការ​បាន​ត្រឹម​ត្រូវ​ហើយ។ ប្រសិន​បើ​អ្នក​មិន​គោរព​តាម និង​មិន​គិត​ពី​ហានិភ័យ​កន្លែង​បំពេញ​ការងារ​ទេ អ្នក​នឹង​រង​ផលវិបាក​កាន់​តែ​ធ្ងន់​ធ្ងរ។​

គោរត់ពារបុក ឬជាន់គឺជាមូលហេតុបណ្តាលឲ្យបាត់បង់ជីវិតខ្ពស់ទីពីរ នៃមរណភាពទាំងឡាយនៅកសិដ្ឋាន

ស្ថានភាពគ្រោះថ្នាក់ធំបំផុតចំនួនបីនៅទីវាលចិញ្ចឹមគោរួមមាន ៖

កៀងគោ ៖

គោត្រូវកៀងចូលតាមទ្វាររបង

កៀងគោចូលឡានទ្រុង ៖

កៀងគោឲ្យឡើងឡានទ្រុងតាមផ្លូវជម្រាល។

បញ្ជា​គោឱ្យដើរចូល​ទ្រុង​ដើម្បី​ពិនិត្យ ៖

​បង្ហាត់គោ​ឱ្យចេះដើរចូល​ទ្រុង​ត្រួត​ពិនិត្យ។

គន្លឹះសំខាន់ៗ​​ស្តីពី​សុវត្ថិភាព​ជាមួយ​គោ

 • រៀបចំទីធ្លា​សម្រាប់បសុ​សត្វ​ដើ​ម្បី​កុំ​ឲ្យ​មនុស្ស និង​សត្វ​ស្ថិត​នៅទីធ្លា​ជាមួយ​គ្នា ហើយ​សត្វ​អាច​ផ្លាស់​ទី​​ឆ្លង​កាត់​បាន​ងាយ​ស្រួល។
 • នៅពេលកៀងគោចូលទ្រុងពិនិត្យ អ្នកមិនត្រូវនៅជាមួយសត្វទាំងនោះឡើយ។ ប្រសិនបើមិនអាចធ្វើដូចនេះបាន ដោយសារតែស្ថានភាពទីធ្លាបច្ចុប្បន្ន ត្រូវធានាថាមានច្រកទ្វារចេញដែលអាចគេចខ្លួនបាន ឬមានផ្លូវសម្រាប់គេចខ្លួនដែលមិនតម្រូវឲ្យឡើងលើ ឬលូនក្រោមរបង។
 • ថែ​ទាំ​ទីធ្លា​ កន្លែង​ប្រណាំង ទ្វារ និង​ទ្រុង​ត្រួត​ពិនិត្យ។ ត្រូវ​ធានា​ថា​គន្លឹះ​ទ្វារ​អាច​បិទ​បើក​បាន​ស្រួល និង​មាន​គន្លឹះទាញទ្វារ​បិទ​​។
 • ត្រូវ​ប្រាកដ​ថា​អ្នក​មើល​ថែ​ទាំ​គោ​មាន​ជំនាញ​ក្នុង​ការ​មើល​ថែ​ទាំ និង​ដឹង​ពីរបៀប​មើល​ថែ​ទាំ​ប្រកប​ដោយ​សុវត្ថិភាព។ ចូរ​ពិភាក្សា​ពី​ផ្លូវ​សម្រាប់​គេច​ខ្លួន​ពេល​ចាំ​បាច់។ ចូរ​បំពេញ​ការងារ​ដោយ​ជៀស​វាងច្រក​ផ្លូវ​រត់​របស់​គោ។
 • ត្រូវយល់ថាតើគោនឹងមានប្រតិកម្មដូចម្ដេចពេលជាប់ទ្រុង តើវាភ័យឬឆ្លេឆ្លា។ ត្រូវធ្វើឱ្យប្រាកដថា បុគ្គលិកដែលធ្វើការជាមួយអ្នកយល់ដឹងពីរឿងនេះ។
 • ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​ ធ្វើ​ការ​ជាមួយ​គោ​ដោយ​មិន​បង្ខំ និង​ស្ងៀម​ស្ងាត់។
 • កុំ​ឈរ​ចន្លោះ​មេគោ និងកូន​វា។
 • ប្រសិន​បើ​អាច​ធ្វើ​បាន បង្រៀន​សត្វទាំងនោះ​ឲ្យ​ស្គាល់​ពីទីធ្លា​ និង​ឲ្យពួក​វារៀន​ផ្លាស់​ទី​ដោយ​ស្ងាត់​ស្ងៀម។
 • ត្រូវ​គិត​ពី​សុវត្ថិភាព​របស់​អ្នក និង​អ្នក​ដឹក​ជញ្ជូន​បសុសត្វ​ពេល​ឲ្យ​សត្វ​ឡើង​រថយន្ត ៖ សូម​មើលព័ត៌មាន​នៅ Livestock and Rural Transporters Association of Victoria តាម​គេហទំព័រ lrtav.com.au/ramps
 • មុន​ពេល​ឲ្យ​បុគ្គលិក​ អ្នក​ចុះ​កិច្ច​សន្យា ឬ​អ្នក​ផ្តល់​សេវាកម្ម​ណា​មួយ (ឧ. ពេទ្យ​សត្វ អ្នក​ពិនិត្យ​សត្វ​ផើម)​ ​ចាប់​ផ្តើម​ធ្វើ​ការ​ងារ ចូរ​ណែនាំ​ពី​ការ​បំពេញ​ការងារ​នៅ​ទីធ្លា​ចិញ្ចឹម និង​ទ្រុង​ពិនិត្យ​គោ។

ការ​បំពេញការងារ​មើល​ថែ​គោ​មិនមែន​ជាប្រភព​គ្រោះ​ថ្នាក់​តែ​មួយ​នៅកសិដ្ឋាន​នោះ​ទេ។ ការ​ងារ​អ្វី​ក៏​ដោយ​ដែល​អ្នក ឬ​បុគ្គលិក​របស់​អ្នក​ធ្វើ​នៅ​កសិដ្ឋាន ត្រូវ​គិត​ពីសុវត្ថិភាព​ជា​ចម្បង។ ចូរ​គិត​ថា​​អ្វីខ្លះដែល​អាចធ្វើឱ្យរាំងស្ទះ​ដល់​ដំណើរ​ការ​ដែលបាន​គ្រោង​ទុក ហើយ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់កុំឱ្យហេតុការណ៍នោះកើតឡើង។ ចូរ​ពិភាក្សា​ជាមួយបុគ្គលិក​របស់​អ្នក និង​ចាត់​វិធានការ​ដើម្បី​ប្រាកដ​ថា​អ្នក​ផ្តល់​នូវ​កន្លែង​បំពេញ​ការងារ​ប្រកប​ដោយ​សុវត្ថិភាព។

ភារកិច្ចផ្លូវច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅកសិដ្ឋានរបស់អ្នក

ក្នុងនាមជាកសិករ អ្នកអាចជាថៅកែដោយខ្លួនឯង ជួលកម្មករផ្សេងទៀត ឬចាត់ចែង និងគ្រប់គ្រងកសិដ្ឋាន។ ទោះស្ថិតក្នុងទម្រង់ណាក៏ដោយ ក៏អ្នកមានការទទួលខុសត្រូវផ្នែកសុខភាព និងសុវត្ថិភាពពេលបំពេញការងារដោយរួមទាំង ៖

 • ត្រូវធានាឱ្យបានថាកសិដ្ឋានរបស់អ្នកជាកន្លែងបំពេញការងារដែលមានសុវត្ថិភាព ដោយគ្មានហានិភ័យដល់សុខភាពបុគ្គលិករបស់អ្នក
 • ត្រូវធានាឱ្យបានថាសកម្មភាពផ្សេងៗនៅកសិដ្ឋានមិនធ្វើឲ្យបុគ្គលណាមួយ (ឧ. គ្រួសារ កម្មករ អ្នកចុះកិច្ចសន្យាបំពេញការងារ ភ្ញៀវ) មានហានិភ័យដល់សុខភាព និងសុវត្ថិភាពឡើយ។
 • ត្រូវធានាឱ្យបានថាបុគ្គលគ្រប់រូបអាចចេញចូលកសិដ្ឋានដោយសុវត្ថិភាពដោយគ្មានហានិភ័យដល់សុខភាពពួកគេឡើយ (រួមទាំងអ្នកដឹកជញ្ជូនអីវ៉ាន់ដល់កសិដ្ឋានផង)

ព័ត៌មានបន្ថែម

 • ឧបករណ៍ និងសៀវភៅណែនាំរបស់ WorkSafe អាចជួយអ្នករកប្រភពគ្រោះថ្នាក់ទូទៅ ធ្វើការវាយតម្លៃពីហានិភ័យ និងបង្កើតនូវការគ្រប់គ្រងសមស្របសម្រាប់កសិដ្ឋានរបស់អ្នក។
 • ចូរពិភាក្សាជាមួយអង្គការឧស្សាហកម្មកសិដ្ឋានរបស់អ្នកស្តីពីសុវត្ថិភាពតាមកសិដ្ឋាន។
 • មើលព័ត៌មានបន្ថែមពីការមើលថែទាំ និងចាត់ចែងបសុសត្វនៅ Temple Grandin។
 • មើលព័ត៌មានបន្ថែមពីច្បាប់ថ្មីស្តីពីគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិតនៅកន្លែងបំពេញការងារនៅគេហទំព័រ WorkSafe។
 • ដាក់ពាក្យសុំឲ្យអ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចុះមកកសិដ្ឋានរបស់អ្នកតាមរយៈកម្មវិធី WorkSafe’s OHS Essentials program។