មនុស្សឃាតនៅកន្លែងធ្វើការ

ព័ត៌មានសម្រាប់និយោជក និងអ្នកកាន់កាតព្វកិច្ចផ្សេងទៀតអំពីបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការថ្មី

Shape

សាវតា

បទល្មើសព្រហ្មទណ្ឌថ្មីស្តីពីមនុស្សឃាតនៅកន្លែងធ្វើការ ត្រូវបានដាក់បញ្ចូលក្នុងច្បាប់សុខភាព និងសុវត្ថិភាពការងារ។

បទល្មើសនេះអនុវត្តចំពោះការប្រព្រឹត្តិដែលធ្វេសប្រហែសរបស់និយោជិក ឬអ្នកកាន់កាតព្វកិច្ចឯ ទៀត ដូចបានគូសបញ្ជាក់ខាងក្រោម ឬមន្រ្តីនៃអង្គការដែលបំពានកាតព្វកិច្ចជាក់លាក់មួយ ចំនួនក្រោម ច្បាប់សុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៤ (ច្បាប់ OHS) ហើយបណ្តាលឱ្យស្លាប់ មនុស្សម្នាក់ទៀតដែលជាប់ជំពាក់នឹងកាតព្វកិច្ចនោះ។

បទប្បញ្ញត្តិស្តីពីបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការ នឹងមិនដំណើរការថយក្រោយទេ។ នេះមាន ន័យថា មានតែការស្លាប់ដែលកើតឡើងក្រោយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ប៉ុណ្ណោះដែលនឹងត្រូវបាន ពិចារណា។

ច្បាប់ថ្មីមានគោលបំណងដើម្បីបង្ការការស្លាប់នៅកន្លែងធ្វើការ ផ្តល់នូវការធ្វើឱ្យញញើតកាន់តែខ្លាំងសម្រាប់អ្នកកាន់កាតព្វកិច្ច ដើម្បីអនុលោមតាមកាតព្វកិច្ចសុខភាព និងសុវត្ថិភាពការងាររបស់ពួកគេ ហើយផ្ញើសារដ៏មុតមាំថា ការដាក់ជីវិតមនុស្សឱ្យស្ថិតក្នុងគ្រោះថ្នាក់នៅកន្លែងធ្វើការនឹង មិនបានអត់ឱនឡើយ។

ការផ្លាស់ប្តូរនេះមិនបង្កើតកាតព្វកិច្ចបន្ថែមទេ។ ការផ្លាស់ប្តូរនេះណែនាំអំពីការដាក់ទណ្ឌកម្មតឹងរ៉ឹងជាងមុន លើកាតព្វកិច្ចដែលមានស្រាប់ក្រោមច្បាប់ OHS។ ដូចគ្នានឹងច្បាប់ដែលបានចែងនាពេលបច្ចុប្បន្នដែរ និយោជក និងអ្នកកាន់កាតព្វកិច្ច គួរតែឈប់ដើម្បីគិតអំពីហានិភ័យដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរបស់ពួកគេ ហើយថាតើត្រូវចាត់វិធានការអ្វីខ្លះដើម្បីកាត់បន្ថយហានិភ័យ ទាំងនោះ។

ប្រសិនបើអ្នកកំពុងអនុលោមតាមកាតព្វកិច្ច OHS របស់អ្នករួចហើយ អ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវ ហើយអ្នកនឹងមិនចាំបាច់ធ្វើអ្វីខុសផ្លែកចាប់ពីថ្ងៃទី១ ខែកក្កដាទេ។ ប្រសិនបើអ្នកមិនអនុលោមតាមទេនោះ ផលវិបាកចំពោះការមិនគិតអំពីហានិភ័យនៅកន្លែងធ្វើការ អាចកើតមានកាន់តែធ្ងន់ធ្ងរ។

ចំណុចសំខាន់ៗនៃបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការ

ចំណុចសំខាន់ៗនៃបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការថ្មី មាន៖

  • បុគ្គលដែលជាប់ការចោទប្រកាន់ត្រូវតែជាក្រុមហ៊ុនសាជីវកម្ម ឬជាបុគ្គលដែលមិនមែនជានិយោជិត ឬអ្នកស្ម័គ្រចិត្ត។
  • ពួកគេត្រូវតែបានជាប់ជំពាក់ជនរងគ្រោះ នូវកាតព្វកិច្ចដែលបានកំណត់ក្រោមច្បាប់ OHS
  • ពួកគេបានបំពានកាតព្វកិច្ចដែលបានជាប់ជំពាក់ ដោយការប្រព្រឹត្តិដែលធ្វេសប្រហែស
  • ការបំពានកាតព្វកិច្ចដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ និង
  • ប្រសិនបើបុគ្គលដែលជាប់ការចោទប្រកាន់ គឺជាមនុស្សធម្មជាតិ ពួកគេត្រូវតែបានប្រព្រឹត្តដោយបំណង ហើយដោយស្ម័គ្រចិត្ត នៅពេលការបំពានកាតព្វកិច្ចបានជាប់ជំពាក់។

តើអ្នកណាអាចត្រូវបានជាប់ការចោទប្រកាន់ពីបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការ?

អង្គការ និងបុគ្គលដែលប្រកបអាជីវកម្មដោយខ្លួនឯង

អង្គការ និងបុគ្គលដែលប្រកបអាជីវកម្មដោយខ្លួនឯង ដែលកាន់កាតព្វកិច្ចដូចបានបញ្ជាក់ក្រោម ច្បាប់ OHS (ដូចបានគូសបញ្ជាក់ខាងក្រោម) អាចត្រូវបានកាត់ទោសពីបទល្មើសមនុស្សឃាតនៅ កន្លែងធ្វើការ។ អង្គការទាំងឡាយ រួមមាន៖

  • ក្រុមហ៊ុនសាជីវកម្ម (ឧទាហរណ៍ ក្រុមហ៊ុនចុះបញ្ជីស្របច្បាប់)
  • សមាគមសាជីវកម្ម
  • អាជ្ញាធរច្បាប់
  • អ្នកទទួលភារកិច្ចគ្រប់គ្រងនៃអាណតិ្តព្យាបាលភាព
  • អង្គភាពពុំមែនជាសាជីវកម្ម និងសមាគមពុំមែនជាសាជីវកម្ម
  • ក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា
  • អង្គភាពរដ្ឋាភិបាល។

មន្រ្តី

មន្រ្តីក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុនសហកម្មសិទ្ធិ និងសាជីវកម្ម ហើយនិងអង្គភាពពុំមែនជាសាជីវកម្ម ឬសមាគមពុំមែនជាសាជីវកម្ម ក៏អាចត្រូវជាប់ការចោទប្រកាន់ពីបទល្មើសមនុស្សឃាតនៅកន្លែង ធ្វើការផងដែរ ប្រសិនបើអង្គការរបស់ពួកគេកាន់កាតព្វកិច្ចដែលបានបញ្ជាក់ក្រោមច្បាប់ OHS។

មន្រ្តីគឺជាបុគ្គលម្នាក់ៗស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៃអង្គការដែលមានអំណាច និងធនធានដើម្បីកែលម្អសុវត្ថិភាព រួមមាន៖

  • នាយក ឬលេខាធិការក្រុមហ៊ុន
  • បុគ្គលម្នាក់
    • អ្នកដែលធ្វើ ឬចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់ផ្នែកទាំងមូល ឬផ្នែកសំខាន់របស់អាជីវកម្ម ឬ
    • អ្នកដែលមានសមត្ថភាពប៉ះពាល់យ៉ាងខ្លាំង ដល់ជំហរហិរញ្ញវត្ថុរបស់អង្គភាព ឬ
    • អនុលោមតាមការណែនាំ ឬបំណងប្រាថ្នារបស់នាយកសាជីវកម្មដែលមានទម្លាប់ដើម្បីចាត់វិធានការ
  • ដៃគូក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា
  • អ្នកកាន់ការិយាល័យនៃសមាគមពុំមែនជាសាជីវកម្ម។

និយោជិត និងអ្នកស្ម័គ្រចិត្ត

បទល្មើសមនុស្សឃាតនៅកន្លែងធ្វើការមិនអនុវត្តចំពោះអ្នកស្ម័គ្រចិត្ត ឬនិយោជិតទេ លើកលែងតែ និយោជិតនោះជាមន្រ្តីរបស់អង្គការផងដែរ។

ទោះយ៉ាងណាក៏ដោយ និយោជិតម្នាក់នៅតែអាចត្រូវបានកាត់ទោសពីការបំពានកាតព្វកិច្ចដែល មានស្រាប់ក្រោមច្បាប់ OHS រួមទាំងកាតព្វកិច្ចដើម្បី៖

  • ចាត់វិធានការថែរក្សាសមហេតុផលចំពោះសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន និងសុខភាពនិងសុវត្ថិភាពរបស់អ្នកដទៃនៅកន្លែងធ្វើការ
  • សហការជាមួយនិយោជករបស់ពួកគេ ទាក់ទងនឹងសកម្មភាពដែលនិយោជិកចាត់វិធានការដើម្បីអនុវត្តតាមច្បាប់ OHS
  • មិនធ្វើអន្ដរាគមន៍ដោយចេតនា ឬដោយគ្មានកោតក្រែង ឬប្រើប្រាស់អ្វីមួយដោយខុសឆ្គង ដែលបានផ្តល់ឱ្យនៅកន្លែងធ្វើការដើម្បីគាំទ្រដល់សុខភាព សុវត្ថិភាព និងសុខុមាលភាព
  • មិនចូលរួមដោយគ្មានកោតក្រែង ក្នុងដំណើរការដែលអាចធ្វើឱ្យមនុស្សម្នាក់ផ្សេងទៀតនៅ កន្លែងធ្វើការ មានគ្រោះថ្នាក់រងរបួសធ្ងន់ធ្ងរ។

ច្បាប់ OHS ពាក់ព័ន្ធនឹងកាតព្វកិច្ច និងអ្នកកាន់កាតព្វកិច្ច

បទល្មើសមនុស្សឃាតនៅកន្លែងធ្វើការអនុវត្ត កន្លែងណាដែលមានការបំពាន កាតព្វកិច្ចដែលមានស្រាប់ ដែលបានកំណត់ក្រោមច្បាប់ OHS។ ច្បាប់មិនបង្កើតកាតព្វកិច្ចថ្មីណាមួយក្រោមច្បាប់ OHS ឡើយ។

និយោជក មន្រ្តី និងអ្នកផ្សេងទៀតដែលកំពុងអនុលោមតាម ហើយអ្នកដែលបន្តអនុលោមតាមកាតព្វកិច្ច OHS ដែលមានស្រាប់របស់ពួកគេ មិនអាចជាប់ការចោទប្រកាន់ពីបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការទេ។ អ្វីដែលច្បាប់ថ្មីធ្វើ គឺធ្វើឱ្យមានផលវិបាក កាន់តែធ្ងន់ធ្ងរចំពោះការ បំពានកាតព្វកិច្ចទាំងនេះ។

កាតព្វកិច្ចពាក់ព័ន្ធដែលមានស្រាប់ រួមមាន៖

  • កាតព្វកិច្ចរបស់និយោជកដើម្បីផ្តល់ និងថែរក្សាបរិស្ថានការងារសម្រាប់និយោជិតដើម្បី ធានាថាមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាព
  • កាតព្វកិច្ចរបស់និយោជកដើម្បីតាមដានសុខភាពរបស់និយោជិត និងលក្ខខណ្ឌការងារ
  • កាតព្វកិច្ចរបស់និយោជកដើម្បីធានាថា មនុស្សផ្សេងក្រៅពីនិយោជិត មិនមានគ្រោះថ្នាក់ដោយការប្រព្រឹត្តិរបស់អាជីវកម្ម (រួមទាំងភ្ញៀវ សាធារណៈជន និងកម្មករផ្សេងទៀត)។
  • កាតព្វកិច្ចរបស់បុគ្គលដែលប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីធានាថាមនុស្សទាំងឡាយមិនបានប៉ះពាល់នឹងហានិភ័យ OHS ពីការបំពេញមុខការរបស់ពួកគេ
  • កាតព្វកិច្ចរបស់មនុស្សដែលមានការគ្រប់គ្រង ឬគ្រប់គ្រងកន្លែងធ្វើការដើម្បីធានាថាកន្លែងធ្វើការ និងមធ្យោបាយចូល និងចេញពីកន្លែងធ្វើការមានសុវត្ថិភាព
  • កាតព្វកិច្ចរបស់អ្នករចនាគឺដើម្បីធានាថារោងចក្រ និងអគារ ហើយនិងរចនាសម្ព័ន្ធដែល បានប្រើជាកន្លែងធ្វើការ ត្រូវបានរចនាថាមានសុវត្ថិភាព
  • កាតព្វកិច្ចរបស់អ្នកផលិត និងអ្នកផ្គត់ផ្គង់ដើម្បីធានាថារោងចក្រ ឬសារធាតុត្រូវបានផលិតដោយសុវត្ថិភាព ហើយមានសុវត្ថិភាពដើម្បីប្រើប្រាស់
  • កាតព្វកិច្ចរបស់បុគ្គលមិនចូលរួមដោយគ្មានកោតក្រែង ក្នុងការប្រព្រឹត្ដដែលអាចធ្វើឱ្យមនុស្សម្នាក់ទៀតនៅកន្លែងធ្វើការមានគ្រោះថ្នាក់របួសធ្ងន់ធ្ងរ។

ភារៈកិច្ចនីមួយៗ តម្រូវឱ្យអ្នកកាន់កាតព្វកិច្ចពាក់ព័ន្ធបំពេញកាតព្វកិច្ច ‘ដល់កម្រិតដែលអាច អនុវត្តបានដោយសមហេតុផល’។

ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងភារកិច្ចទាំងនេះ មាននៅលើវ៉ិបសៃថ៍របស់ WorkSafe។

ការប្រព្រឹត្តិដែលធ្វេសប្រហែស

សម្រាប់គោលបំណងនៃមនុស្សឃាតនៅកន្លែងធ្វើការ ការប្រព្រឹត្ដនឹងត្រូវបានចាត់ទុកថាជា 'ការធ្វេសប្រហែស' ប្រសិនបើវាពាក់ព័ន្ធនឹង៖

  • ការធ្លោះធ្លោយយ៉ាងខ្លាំងនៃស្តង់ដារការថែទាំ ដែលមនុស្សសមហេតុផលម្នាក់មុខជាបានចាត់វិធានការនៅក្នុងកាលៈទេសៈទាំងនោះ ហើយ
  • ហានិភ័យខ្ពស់នៃការស្លាប់ ការរងរបួស ឬជំងឺធ្ងន់ធ្ងរ។

ការប្រព្រឹត្តិដែលធ្វេសប្រហែសក៏រួមបញ្ចូលផងដែរទាំង ការធ្លោះធ្លោយ ដើម្បីចាត់វិធានការ (‘ការខកខាន’) ឧទាហរណ៍ វាអាចរាប់បញ្ចូលនៅពេលបុគ្គលម្នាក់៖

  • មិនគ្រប់គ្រង ឬត្រួតពិនិត្យនិយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ឬ
  • មិនចាត់វិធានការសមហេតុផលដើម្បីដោះស្រាយស្ថានភាពគ្រោះថ្នាក់ ដែលការខកខានមិនបានធ្វើដូច្នោះ បណ្តាលឱ្យមានហានិភ័យខ្ពស់នៃការស្លាប់ ការរងរបួស ឬជំងឺធ្ងន់ធ្ងរ។

ការធ្វើតេស្តនេះគឺផ្អែកលើការធ្វើតេស្តច្បាប់ទូទៅ (common law) ដែលមានស្រាប់ សម្រាប់ការធ្វេសប្រហែសព្រហ្មទណ្ឌក្នុងរដ្ឋវិចថូរៀ ហើយជាស្តង់ដារខ្ពស់សមរម្យ ដោយគិតពិចារណាពីការផាកពិន័យខាន់ៗចំពោះបទល្មើសថ្មី។

ការបង្កឱ្យកើតមាន

ការប្រព្រឹត្តរបស់អង្គការ ឬបុគ្គលដែលជាប់ការចោទប្រកាន់ពីមនុស្សឃាតនៅកន្លែងធ្វើការ ត្រូវ តែបាន បង្ក ឱ្យស្លាប់ជនរងគ្រោះ។

វាត្រូវបានបម្រុងទុកថាការធ្វើតេស្តច្បាប់ទូទៅ (common law) ដែលមានស្រាប់ចំពោះការបង្កឱ្យ កើតមានត្រូវបានអនុវត្ត។ នេះមានន័យថាសកម្មភាព ឬការធ្វេសប្រហែសរបស់បុគ្គលដែលជាប់ ការចោទប្រកាន់ ត្រូវតែបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្លាប់ ឬបានបង្កឱ្យកើតមានដ៏ សំខាន់ និងដំណើរការរបស់វា។ វាមិនចាំបាច់ក្នុងការបញ្ជាក់ថាវិធានការ ឬការធ្វេសប្រហែសរបស់ បុគ្គលដែលជាប់ការចោទប្រកាន់ គឺជាការបង្កឱ្យមានតែមួយគត់នៃការស្លាប់នោះទេ។ ការប្រព្រឹត្ដ នោះត្រូវតែដល់កម្រិតដែលមនុស្សសាមញ្ញម្នាក់អាចជឿវា តាមសុភវិនិច្ឆ័យ គឺជាមូលហេតុនៃការ ស្លាប់នោះ។

មនុស្សឃាតនៅកន្លែងធ្វើការអាចអនុវត្ត ទោះបីជាការស្លាប់របស់បុគ្គលកើតឡើងនៅពេលណាមួយ បន្ទាប់ពីការប្រព្រឹត្ដដែលទាក់ទងនោះក្តី។ ជាឧទាហរណ៍ កន្លែងណាដែលនិយោជិតបានវិវត្តទៅជាជំងឺទាក់ទិននឹងអាបេស្តូ បន្ទាប់ពីនិយោជកបានដាក់ពួកគេឱ្យប៉ះពាល់នឹងអាបេស្តូសអស់រយៈពេលរាប់ ឆ្នាំ។

ការផាកពិន័យ

ប្រសិនបើត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតនៅកន្លែងធ្វើការ ការផាកពិន័យដូចខាងក្រោម ត្រូវបានអនុវត្ត (ចាប់គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០)៖

  • ការជាប់ពន្ធនាគារអតិបរមា២៥ឆ្នាំ ចំពោះបុគ្គលម្នាក់ៗ និង
  • ការផាកពិន័យអតិបរិមា $16.5 លាន សម្រាប់ក្រុមហ៊ុនសាជីវកម្ម។

ការផាកពិន័យទាំងនេះឆ្លុះបញ្ចាំងពីភាពធ្ងន់ធ្ងរនៃបទល្មើស ហើយត្រូវបានគ្រោងឡើងដើម្បីជួយបង្ការការស្លាប់នៅកន្លែងធ្វើការ ដោយបង្កើតឱ្យមានការញញើតកាន់តែខ្លាំងសម្រាប់អង្គការ និងមន្រ្តីម្នាក់ៗ ប្រឆាំងនឹងការបំពានកាតព្វកិច្ចសុខភាព និងសុវត្ថិភាពការងាររបស់ពួកគេ។

ការស៊ើបអង្កេត និងនីតិវិធីច្បាប់

ដូចគ្នានឹងការបំពានដែលជាប់ការចោទការចោទប្រកាន់ផ្សេងទៀតនៃច្បាប់ OHS ដែរ WorkSafe នឹងដឹកនាំការស៊ើបអង្កេត លើបទល្មើសមនុស្សឃាតនៅកន្លែងធ្វើការដែលមានសក្តានុពល។

បន្ទាប់ពីការស្លាប់នៅកន្លែងធ្វើការ ហើយស្របជាមួយនឹងការរៀបចំដែលមានស្រាប់ WorkSafe និងប៉ូលីសវិចថូរៀ នឹងធ្វើការរួមគ្នាដើម្បីធានាថាភស្តុតាងទាំងអស់ត្រូវបានរក្សាទុក ហើយកន្លែងធ្វើការមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សដែលមានវត្តមាន ឬទំនងជាទៅទីតាំងការងារនោះ។

ស្របតាមការរៀបចំបច្ចុប្បន្ន WorkSafe នឹងដឹកនាំរឿងមនុស្សឃាតនៅកន្លែងធ្វើការ រហូតដល់ ជនជាប់ចោទត្រូវបាននាំទៅការជំនុំជម្រះ។ បន្ទាប់មក ការិយាល័យអយ្យការសាធារណៈនឹងលើក យករឿងនោះទៅជំនុំជម្រះ។

មនុស្សឃាតនៅកន្លែងធ្វើការ គឺជាបទល្មើសដែលមានភស្តុតាងគ្រប់គ្រាន់ ដោយគ្មានរយៈពេល កំណត់តាមច្បាប់។ គេមិនអាចជំនំជម្រះបទល្មើសនេះ ហើយកំណត់ភ្លាមៗមួយរំភេចបានទេ [Magistrates' Court of Victoria (តុលាការចៅក្រមថ្នាក់ក្រោមនៃរដ្ឋវិចថូរៀ)]។

ព័ត៌មានបន្ថែមអំពីការស៊ើបអង្កេតរបស់ WorkSafe មាននៅលើវ៉ិបសៃថ៍ WorkSafe។